(ហ្គាហ្សា)៖ យោធាអ៊ីស្រាអែល ថ្ងៃពុធ (២៧ មីនា) នេះ បន្តទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីបដែលឡោមព័ទ្ធ និងបានប្រយុទ្ធនឹងក្រុមហាម៉ាស់ជុំវិញមន្ទីរពេទ្យជាច្រើន បើទោះបីជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាមទារបទឈប់បាញ់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

កិច្ចចរចាក្នុងប្រទេសកាតា ដើម្បីឈានដល់បទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដោយមានការចូលរួមពីអ្នកសម្រុះសម្រួលសហរដ្ឋអាមេរិក និងអេហ្ស៊ីប រហូតមកដល់ពេលនេះ នៅមិនទាន់ទទួលបានលទ្ធផលអ្វីទេ ខណៈដែលអ៊ីស្រាអែល និងចលនាប៉ាឡេស្ទីនបានស្តីបបន្ទោសគ្នាទៅវិញទៅមក។

អ៊ីស្រាអែល នៅថ្ងៃពុធសប្តាហ៍នេះបានវាយប្រហារម្តងទៀត លើទីក្រុងហ្គាហ្សា និងទីក្រុង Rafah ជាមួយនឹងអណ្តាតភ្លើងបំភ្លឺពេញមេឃ នៃទីក្រុងដែលប្រមូលផ្តុំដោយមនុស្ស រហូតដល់ ១.៥ លាននាក់ ដែលភាគច្រើន នៃពួកគេជាជនភៀសខ្លួនពីសង្គ្រាម។

ក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា មនុស្ស ៦៦ នាក់ត្រូវបានសម្លាប់ នៅក្នុងការបាញ់ផ្លោង និងការប្រយុទ្ធគ្នាពេញមួយយប់។ កងកម្លាំងអ៊ីស្រាអែល ក៏បានប៉ះទង្គិចគ្នាជាមួយខ្មាន់កាំភ្លើងនៅក្នុង និងជុំវិញមន្ទីរពេទ្យចំនួន ៣ នៅទីក្រុងហ្គាហ្សាផងដែរ ដោយបានបង្កើនការភ័យខ្លាចដល់អ្នកជំងឺ បុគ្គលិកពេទ្យ និងជនភៀសខ្លួននៅខាងក្នុង។

គួរជម្រាបថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងអស់រយៈពេល ៩ ថ្ងៃមកហើយ នៅជុំវិញមន្ទីរពេទ្យ Shifa ដ៏ធំបំផុតរបស់ទីក្រុងហ្គាហ្សា ហើយថ្មីៗនេះនៅជិតមន្ទីរពេទ្យចំនួនពីរគឺ Al-Amal និង Al-Nasser ស្ថិតនៅភាគខាងត្បូង​នៃទីក្រុង Khan Younis។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីសហរដ្ឋអាមេរិកបានបោះឆ្នោតអនុប្បវាទ៕