(ណៃពិដោ)៖ នៅថ្ងៃពុធនេះ របបសឹកនៃប្រទេសមីយ៉ាន់ម៉ា នឹងប្រារព្ធព្យុហយាត្រាប្រចាំឆ្នាំរបស់ខ្លួន នាឱកាសទិវាកងកម្លាំងប្រដាប់អាវុធ ដើម្បីជាការបង្ហាញសាច់ដុំមួយ ស្របពេលកំពុងពិបាកគ្រប់គ្រងចលនាតស៊ូប្រដាប់អាវុធ ដែលជាច្រើនខែមកនេះ បានដណ្តើមកាន់កាប់​ទឹកដីមួយផ្នែកធំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤។

យោធាមីយ៉ាន់ម៉ាបានទទួលរងការបាត់បង់ធំៗជាបន្តបន្ទាប់ ចាប់តាំងតែសម្ព័ន្ធភាពនៃចលនាប្រដាប់អាវុធជនជាតិភាគតិច បានរួមផ្តុំកម្លាំងគ្នាបើកយុទ្ធនាការវាយលុក​ទ្រង់ទ្រាយធំ នៅផ្នែកជាច្រើននៃផ្ទៃប្រទេស កាលពីខែតុលា ឆ្នាំ២០២៣មក។ ក្នុងសប្តាហ៍នេះ មេដឹកនាំរបបយោធា លោក Min Aung Hlaing បានទទួលស្គាល់ថា វាប្រហែលជាមិនអាចទៅរួចឡើយ ក្នុងការរៀបចំការបោះឆ្នោតនៅទូទាំងប្រទេស ដោយសារតែអស្ថិរភាព។ បើតាមក្រុមអ្នកជំនាញ គឺរយៈពេល៣ឆ្នាំក្រោយ ធ្វើរដ្ឋប្រហារដណ្តើមអំណាច របបសឹកមីយ៉ាន់ម៉ា កំពុងប្រឈមមុខមការគំរាមកំហែងដ៏ធំបំផុតមួយ។

នៅថ្ងៃពុធនេះ យោធាមីយ៉ាន់ម៉ា នឹងបង្ហាញក្បួនកងទ័ពព្រមទាំងបរិក្ខារយោធាផ្សេងៗ ក្នុងការធ្វើព្យុហយាត្រាទិវាកងកម្លាំងប្រដាប់អាវុធ ដែលជាខួបនៃការចាប់ផ្តើមចលនាតស៊ូ ប្រឆាំងការត្រួតត្រារបស់ចក្រពត្តិជប៉ុន អំឡុងសម័យសង្រ្គាមលោកលើកទី២។ យ៉ាងណាមិញ ខុសពីឆ្នាំមុនៗ ព្យុហយាត្រាឆ្នាំនេះនឹងប្រារព្ធឡើង ចាប់ពី៥៖១៥នាទីល្ងាច ដោយសារតែអាកាសធាតុក្តៅ។

គួរបញ្ជាក់ថា រដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១ ប្រឆាំងរដ្ឋាភិបាលលោកស្រី Aung San Suu Kyi បានបង្កឱ្យមានវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់មនុស្ស រាប់ពាន់នាក់ និងធ្វើឱ្យសេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះ រងការខូចខាតជាខ្លាំង។ បើតាមអង្គការឃ្លាំងមើលក្នុងប្រទេសមីយ៉ាន់ម៉ា មនុស្សលើស៤,៥០០នាក់បានស្លាប់ និងជាង២៦,០០០នាក់ត្រូវបានចាប់ខ្លួន ដោយសារការបង្រ្កាបរបស់យោធា ទៅលើអ្នកដែលប្រឆាំងរបបរបស់ខ្លួន។ ចំពោះមុខការរីកកាន់តែធំឡើងនៃចលនាតស៊ូប្រដាប់អាវុធ របបសឹកមីយ៉ាន់ម៉ា បានបង្ខំចិត្តដាក់ឱ្យ​អនុវត្តនូវច្បាប់កាតព្វកិច្ចយោធា ដើម្បីតម្រូវឱ្យបុរសវ័យចន្លោះ១៨-៣៥ឆ្នាំ និងស្រ្តីវ័យចន្លោះ១៨-២៧ឆ្នាំ ចូលបម្រើកងទ័ពរយៈពេល​យ៉ាងហោច២ឆ្នាំ៕