(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍ថា អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានមួយនេះ អំឡុងកិច្ចសន្ទនាមួយតាមទូរស័ព្ទ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់វៀតណាម Vietnam News Agency បានរាយការណ៍យ៉ាងដូច្នេះថា «លោកប្រធានាធិបតី ពូទីន បាន​ទទួលយកដោយរីករាយនូវការអញ្ជើញ ហើយបានយល់ព្រមឱ្យភាគីទាំងពីរ ចាត់ចែងរៀបចំឱ្យមានដំណើរទស្សនកិច្ចនោះ នៅពេលវេលាសមស្របមួយ»។ កាលពីខែតុលា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ក៏ធ្លាប់រាយការណ៍ផងដែរថា លោក ពូទីន បានទទួលយកការអញ្ជើញពី​សំណាក់ប្រធានាធិបតីវៀតណាម ឱ្យមកបំពេញទស្សនកិច្ច ប៉ុន្តែទស្សនកិច្ចនោះ មិនបានកើតឡើងឡើយ។

អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ លោក Trong បានអបអរសាទរលោក ពូទីន សម្រាប់ការបន្តជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៉ី ហើយបានសម្តែងការចូលរួមរំលែកទុក្ខ ទៅកាន់ប្រជាជនរុស្ស៉ី និងគ្រួសារជនរងគ្រោះ នៃសកម្មភាពវាយប្រហារភេរវកម្មដ៏កក្រើកនៅជាយ​ទីក្រុងមូស្គូ កាលពីសប្តាហ៍មុន។ លើសពីនេះ មេដឹកនាំទាំងពីរក៏បានពិភាក្សា អំពីមធ្យោបាយដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការនៅក្នុង​ផ្នែកសន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងទេសចរណ៍ ថែមទៀតផង។

គួរបញ្ជាក់ថា វៀតណាមនៅបន្តជាដៃគូដ៏ជិតស្និទ្ធមួយរបស់រុស្ស៉ី ក្នុងតំបន់អាស៉ី ហើយទីក្រុងហាណូយ គឺជាអតិថិជនធំមួយនៃសព្វាវុធរបស់​រុស្ស៉ី។ ការអញ្ជើញឱ្យទស្សនកិច្ចរបស់វៀតណាម គឺបន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោក ពូទីន ពាក់ព័ន្ធការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន កាលពីខែមីនា ឆ្នាំមុន៕