(កៀវ)៖ កងទ័ពជើងទឹកអ៊ុយក្រែន បានអះអាងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ការវាយប្រហារដោយមីស៉ីលអ៊ុយក្រែន បានធ្វើឱ្យខូចខាតដល់នាវាឈ្លបយកការណ៍របស់កងទ័ពជើងទឹករុស្ស៉ី និងនាវាចុះចតដ៏ធំមួយដែលរុស្ស៉ីចាប់យកបាន អំឡុងពេលបញ្ចូលតំបន់គ្រីមៀជាឧបសម្ព័ន្ធរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ ២០២៤។

កងទ័ពជើងទឹកអ៊ុយក្រែននិយាយថា នាវាទាំង ២គ្រឿងនោះ បានរងការខូចខាតអំឡុងការវាយប្រហារលើតំបន់គ្រីមៀ កាលពីចុងសប្តាហ៍មុន។ នាវាចុះចតដ៏ធំ Konstantin Olshansky ដែលកងទ័ពរុស្ស៉ីចាប់យកបាននៅពេលដណ្តើមកាន់កាប់តំបន់គ្រីមៀ ត្រូវបានវាយប្រហារដោយមីស៉ីលប្រឆាំងនាវា Neptune ខណៈទីក្រុងកៀវកំពុងវាយតម្លៃលើកម្រិតខូចខាត។ បើតាមអ្នកនាំពាក្យកងទ័ពជើងទឹក លោក Dmytro Pletenchuk នាវាឈ្លបយកការណ៍ Ivan Khurs របស់រុស្ស៉ីក៏ត្រូវបានវាយប្រហារផងដែរ។ ប៉ុន្តែរុស្ស៉ីនៅមិនទាន់មានការអត្ថាធិប្បាយទេ ជុំវិញការអះអាងនេះ។

គួរបញ្ជាក់ថា សមរភូមិនៅសមុទ្រខ្មៅ មានសារៈសំខាន់សម្រាប់អ៊ុយក្រែន ដែលចង់ធានាដល់ច្រករបៀងនាំចេញដ៏សំខាន់ សម្រាប់គ្រាប់ធញ្ញជាតិ លោហៈ និងទំនិញផ្សេងទៀតរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ បើទោះបីជាមានការប៉ុនប៉ងពីរុស្ស៉ី ដើម្បីបិទច្រកផ្លូវសមុទ្រនេះក៏ដោយ៕