(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសន្យាថា រដ្ឋាភិបាលសហព័ន្ធនឹងចំណាយថវិកាទាំងស្រុង ដើម្បីសាងសង់ស្ពាន Francis Scott Key នៅទីក្រុង Baltimore ដែលជាសរសៃឈាមដ៏មមាញឹកបំផុតមួយរបស់ប្រទេសឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ ២០២៤។

នាវាដឹកទំនិញដ៏ធំមួយបានបុកក្រោមស្ពាន នៅពេលបើកចេញពីទីក្រុង Baltimore រដ្ឋ Maryland កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃអង្គារសប្តាហ៍នេះ បណ្តាលឱ្យកម្មករ ៨នាក់ធ្លាក់ចូលទៅក្នុងទឹក និងបណ្តាលឱ្យបិទច្រកផ្លូវដ៏មមាញឹកបំផុតមួយនៃតំបន់ Eastern Seaboard របស់សហរដ្ឋអាមេរិក។ បច្ចុប្បន្ន កម្មករចំនួន ៦នាក់កំពុងបាត់ខ្លួន ខណៈដែល ២នាក់ត្រូវបានជួយសង្រ្គោះ។

ថ្លែងចេញពីសេតវិមានមុនពេលចេញដំណើរទៅកាន់រដ្ឋ North Carolina លោក បៃដិន បញ្ជាក់ថា «វាជាចេតនារបស់ខ្ញុំ ដែលរដ្ឋាភិបាលសហព័ន្ធនឹងចំណាយទាំងស្រុង លើការសាងសង់ស្ពាននោះឡើងវិញ ហើយខ្ញុំរំពឹងថាសភានឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ»

គួរបញ្ជាក់ថា បើតាមឆ្មាំឆ្នេរសមុទ្រអាមេរិក និងមន្ត្រីប៉ូលិសនៃរដ្ឋ Maryland ផ្អែកលើសីតុណ្ហភាពក្នុងទឹកត្រជាក់ និងរយៈពេលដែលស្ពានបានបាក់ មានសង្ឃឹមតិចតួចណាស់ដែលអ្នកបាត់ខ្លួនទាំង ៦នាក់អាចត្រូវបានរកឃើញនៅរស់៕