(វ៉ាស៊ីនតោន)៖ ផ្នែកខ្លះនៃស្ពានដែក Francis Scott Key Bridge ក្នុងទីក្រុង Baltimore នៃរដ្ឋ Maryland បានបាក់រលំចូលទឹក នៅព្រឹកព្រលឹមថ្ងៃអង្គារ ទី២៦ ខែមីនានេះ បន្ទាប់ពីនាវាដឹកទំនិញមួយគ្រឿងបើកបុកពេញទំហឹង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរនៅក្នុងរដ្ឋ Maryland បានសរសេរក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ដូច្នេះថា «ស្ពាន Key Bridge បានបាក់រលំដោយសារនាវាបើកបុក»។ នាវាដ៏ធំ នោះបានបើកបុកស្ពាន Key Bridge ដែលមានប្រវែង ២.៥៧គីឡូម៉ែត្រ នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ ដោយបណ្ដាលឱ្យមានភ្លើងឆេះ។ បន្ថែមពីលើនេះ ការបាក់ស្ពាននេះក៏បានធ្វើឱ្យយានយន្ដជាច្រើនគ្រឿងធ្លាក់ចូលក្នុងទឹកទន្លេ Patapsco River ផងដែរ។ តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់ទេ៕