(ប៉េកាំង)៖ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួម ពិធីបើកសន្និសីទប្រចាំឆ្នាំ ២០២៤ នៃវេទិកាអភិវឌ្ឍន៍ជាន់ខ្ពស់របស់ប្រទេសចិន នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៤ ខែមីនា ហើយបានថ្លែងសុន្ទរកថាគន្លឹះ។

លោក Li Qiang បានថ្លែងថា រយៈពេលមួយឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏រឹងមាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល ប្រទេសចិនបានស៊ូទ្រាំនឹងសម្ពាធពីខាងក្រៅ ជម្នះការលំបាកផ្ទៃក្នុង និងសម្រេចបានដោយជោគជ័យ នូវគោលដៅ និងភារកិច្ចសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រចាំឆ្នាំ។ សេដ្ឋកិច្ចមានការស្ទុះងើបឡើងវិញកាន់តែខ្លាំងក្លានិងរឹងមាំ ហើយឧស្សាហកម្មថ្មី រូបមន្តថ្មី និងកម្លាំងចលករថ្មីមានការអភិវឌ្ឍ កាន់តែលឿនទៅៗ សេដ្ឋកិច្ចចិនមានភាពធន់ សក្ដានុពលធំ និងកម្លាំងរស់រវើកគ្រប់គ្រាន់ ហើយការអភិវឌ្ឍជាទូទៅ ដែលមានភាពកាន់តែប្រសើរឡើង មិនមានការផ្លាស់ប្តូរទេ។

លោក Li Qiang បានចង្អុលបង្ហាញថា បច្ចុប្បន្ន បរិយាកាសអន្តរជាតិកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ហើយការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ក៏ប្រឈមមុខនឹងបញ្ហាយ៉ាងតឹងរ៉ឹងជាច្រើនដែរ។ ប្រទេសចិននឹងចាត់ប្រតិបត្តិការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងចាក់បញ្ចូលនូវភាពប្រាកដប្រជា និងថាមពលវិជ្ជមានបន្ថែមទៀត ចូលទៅក្នុងការងើបឡើងវិញ និងការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃសេដ្ឋកិច្ចពិភពលោក។

សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៃវេទិកាអភិវឌ្ឍន៍ជាន់ខ្ពស់របស់ប្រទេសចិន នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ក្រោមប្រធានបទ "ប្រទេសចិនដែលមានការអភិវឌ្ឍប្រកបដោយចីរភាព"។ អ្នកទទួលខុសត្រូវមកពីអង្គការអន្តរជាតិធំៗ ក្រុមហ៊ុនខ្លាំងកំពូលទាំង ៥០០ លើពិភពលោក និងបញ្ញវន្តអន្តរជាតិល្បីៗជាច្រើនរូបនឹងធ្វើការពិភាក្សា និងផ្លាស់ប្តូរអំពីបញ្ហាពិភាក្សាជាច្រើនជុំវិញប្រធានបទ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន