(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ វេទិកាអន្តរជាតិស្តីពី “ប្រជាធិបតេយ្យ៖ គុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល” លើកទីបី បានបើកធ្វើនៅក្រុងប៉េកាំង ភ្ញៀវកិត្តិយសដែលមកពីប្រទេសនិងតំបន់ជាច្រើន សរុបចំនួនជាង២រយនាក់បានធ្វើការពិគ្រោះពិភាក្សា យ៉ាងស៊ីជម្រៅអំពីប្រធានបទជាចំណុចក្តៅ ដូចជា “ប្រជាធិបតេយ្យនិងការធ្វើទំនើបកម្មអភិបាលកិច្ច ” “អនាគតរបស់ភាពវៃឆ្លាតសិប្បនិមិ្មត និងប្រជាធិបតេយ្យ” និង “ប្រជាធិបតេយ្យនិងអភិបាលកិច្ចសកល ក្នុងពិភពលោកពហុប៉ូលភាវូបនីយកម្ម” ជាដើម។ គំនិតឯកភាពរួមរបស់អង្គប្រជុំគឺ៖គោលបំណងរបស់ប្រជាធិបតេយ្យ គឺធានានិងបង្កើនសុខមាលភាពរបស់មនុស្សជាតិទាំងមូល ត្រូវគោរពសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន នៃបណ្តាប្រទេសនានាក្នុងការជ្រើសរើស ផ្លូវអភិវឌ្ឍន៍ដោយម្ចាស់ការ ប្រឆាំងនឹងការបង្កភាពបែកបាក់គ្នា ផ្សព្វផ្សាយគំនិតលំអៀងនិងបំផ្លាញ សន្តិភាពដោយយកប្រជាធិបតេយ្យធ្វើជាលេស។

ក្នុងពេលដំណាលគ្នានេះ “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” លើកទីបីដែលរៀបចំដោយកូរ៉េខាងត្បូង ដែលបានម៉ៅការពីអាមេរិក បានបិទបញ្ចប់ដោយស្ងៀមស្ងាត់។ ពីការបង្កើតឡើងដោយក្ដែងៗនៅកាលពីមុន ដល់គ្មានអ្នកណាចាប់អារម្មណ៍នាពេលបច្ចុប្បន្ននេះ និន្នាការអភិវឌ្ឍន៍របស់អ្វីដែលហៅថា“កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ” ដែលរៀបចំដោយអាមេរិក បានឆ្លុះបញ្ចាំងពីការបាត់បង់ទំនុកចិត្ត របស់ប្រជាធិបតេយ្យបែបអាមេរិកហ្នឹងឯង។

ក្នុងកែវភ្នែករបស់ប្រជាជនលោកខាងលិចមួយចំនួន ប្រជាធិបតេយ្យជា “ប៉ាតង់”របស់ពួកគេ ប្រជាធិបតេយ្យបែបលោកខាងលិច បានតំណាងឱ្យសមិទ្ធផលដ៏ឆ្នើមបំផុតរបស់ អរិយធម៌នយោបាយរបស់មនុស្សជាតិ បណ្តាប្រទេសនានានៅលើពិភពលោក ត្រូវរៀនសូត្រតាម។ ប៉ុន្តែការពិតជាក់ស្តែងមានសភាពយ៉ាងម៉េច?

សូមយកអាមេរិកដែលត្រូវគេហៅថាជា “ប៉មប្រជាធិបតេយ្យ”ជាឧទាហរណ៍។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសមហាអំណាចមួយនេះ បានកើតមានបាតុភាពច្របូកច្របល់ខាងប្រជាធិបតេយ្យជាបន្តបន្ទាប់។ ក្នុងស្រុក សិទ្ធិនិងផលប្រយោជន៍របស់ ជនជាតិភាគតិចរងការគាបសង្កត់ ការបោះឆ្នោតប្រជាធិបេតយ្យត្រូវលូកលាន់ចូល ដោយផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ មូលធននិងអ្នកនយោបាយ “ព្រឹត្តិការណ៍ចលាចលនៅវិមានរដ្ឋសភា” ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នៅក្រៅប្រទេស អាមេរិកបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត និងបង្កការបដិបក្ខគ្នាជាក្រុមដោយយក "ប្រជាធិបតេយ្យ”ធ្វើជាលេស។ទង្វើដែលប្រកបដោយប្រជាធិបតេយ្យក្លែងក្លាយ និងអនុត្តរភាពពិតប្រាកដបែបនេះ បាននាំមកនូវការប៉ះទង្គិចនិងសង្គ្រាមរ៉ាំរ៉ៃ ដល់ពិភពលោក។

ក្នុងបរិបទបែបនេះ ការពិគ្រោះពិភាក្សាអំពីប្រជាធិបតេយ្យរបស់ឥស្សរជនមានការយល់ដឹងខ្ពស់ នៃបណ្តាប្រទេសនានាក្នុងវេទិកានៅ ក្រុងប៉េកាំងលើកនេះ កាន់តែមានសារសំខាន់ទៅទៀ ។ ក្នុងរយៈពេលជាយូរមកហើយ ក្នុងផ្ទៃអន្តរជាតិ មានបាតុភូតម្យ៉ាង ៖ប្រទេសដែលធ្វើត្រាប់តាមឬត្រូវរងការបង្ខិតបង្ខំ ដោយសារប្រព័ន្ធប្រជាធិបតេយ្យលោកខាងលិចទាំងនោះ តែងតែធ្លាក់ខ្លួនក្នុងភាពច្របូកច្របល់ខាងនយោបាយ និងភាពជាប់គាំងក្នុងការអភិវឌ្ឍ។ ការបោះឆ្នោតដោយប្រជាធិបតេយ្យ របស់ប្រទេសលោកខាងលិចមួយចំនួន បានក្លាយជាហ្គេមរបស់អ្នកនយោបាយនិងមូលធន ប្រជាជនបានចាញ់បោកដោយសារ “សែកស្អុយ”ម្តងហើយម្តងទៀត គោលនយោបាយរបស់ប្រទេសជាតិ ក៏បានធ្វើផ្ទុយពីផលប្រយោជន៍របស់សង្គម និងប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃដែរ។ ប្រការនេះធ្វើឱ្យមនុស្សកាន់តែច្រើនឡើងៗគិតពិចារណាថា៖ តើការអភិវឌ្ឍប្រជាធិបតេយ្យ គឺដើម្បីអ្វី?

ក្នុងវេទិកាលើកនេះ ភ្ញៀវកិត្តិយសជាច្រើនបានទទួលស្គាល់និងកោតសរសើរ ចំពោះប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរទាំងមូល របស់ប្រទេសចិន ដែល“តម្កល់ទុកប្រជាជនជាស្នូល” ហើយសម្គាល់ឃើញថា នេះជារូបមន្តប្រជាធិបតេយ្យដែលអាចតំណាងឱ្យ ផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជន និងអាចបំពេញតាមតម្រូវការអភិវឌ្ឍន៍របស់ប្រជាជន។

ប្រជាធិបតេយ្យមិនមែនជាប៉ាតង់របស់អ្នកណាទេ ប្រជាធិបតេយ្យត្រូវមានភាពសម្បូរបែប ប្រជាធិបតេយ្យមិនត្រូវក្លាយជាអាវុធ ក្នុងការធ្វើបដិបក្ខគ្នាទេ ការធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព ត្រូវរៀបចំក្រឹត្យក្រមកាន់តែមានប្រជាធិបតេយ្យ។ល។ “គំនិតឯកភាពរួមអំពីប្រជាធិបតេយ្យ” មកពីក្រុងប៉េកាំងទាំងនេះ នាំមកនូវការបំផុសគំនិតថ្មីដល់សហគមន៍អន្តរជាតិ ក្នុងការយល់ដឹងនិងឈ្វេងយល់ពីប្រជាធិបតេយ្យឱ្យបានល្អ៕

វិទ្យុមិត្តភាពកម្ពុជាចិន