(មូស្គូ)៖ គណៈកម្មាធិការស៉ើបអង្កេតនៃប្រទេសរុស្ស៉ី ដែលទទួលបន្ទុកស៉ើបអង្កេតលើករណីឧក្រិដ្ឋកម្មធំៗ បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ក្នុងករណីបាញ់ប្រហារភេរវកម្មកាលពីថ្ងៃសុក្រ បានកើនដល់១១៥នាក់ ហើយវាអាចបន្តឡើងខ្ពស់ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤។

ដោយឡែក យោងតាមការរាយការណ៍ពីបណ្តាប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ដែលផ្អែកលើសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ប្រធានទីភ្នាក់ងារសន្តិសុខរុស្ស៉ី FBS បានជូនដំណឹងទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អំពីការឃាត់ខ្លួនបាន មនុស្សសរុប១១នាក់ ក្នុងនោះរួមមានទាំងពួកភេរវករ​ទាំង៤នាក់ ដែលបានធ្វើសកម្មភាពបាញ់ប្រហារផ្ទាល់ ផងដែរ។ ខ្មាន់កាំភ្លើង៤នាក់នោះ ត្រូវឃាត់ខ្លួនបាន ពេលជិះរថយន្ត១គ្រឿង ព្យាយាមរត់គេចខ្លួន នៅឯតំបន់ Bryansk មិនឆ្ងាយប៉ុន្មានពី​ព្រំប្រទល់អ៊ុយក្រែន ហើយឥឡូវពួកគេកំពុងត្រូវបញ្ជូនខ្លួន មកកាន់រដ្ឋធានីមូស្គូ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ ជនប្រដាប់ដោយអាវុធមួយក្រុម ដែលពួកភេរវករ ISIS អះអាងថា ជាសមាជិករបស់ខ្លួន បានធ្វើសកម្មភាពបាញ់ប្រហារលើជនស៉ីវិល នៅឯអគារមជ្ឈមណ្ឌលប្រគំតន្រ្តី Crocus City Hall មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង។ ក្រៅពីបណ្តាលឱ្យមនុស្សស្លាប់កើនដល់ជាង១០០នាក់ និងរងរបួសលើស១០០នាក់ផ្សេងទៀត ពួកភេរវករក៏បានបង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ នៅទីនោះផងដែរ៕