(សេអ៊ូល)៖ ជាក្មេងស្រីម្នាក់ដែលតែងតែទៅតាមឪពុកស្ទើរគ្រប់ពេល ដើម្បីមើលការធ្វើសមយុទ្ធយោធា និងការបាញ់សាកល្បងមីស៊ីល ហើយសូម្បីតែមន្ត្រីយោធាជាន់ខ្ពស់ ក៏ត្រូវ ឱនក្បាលគោរពក្មេងស្រីរូបនេះដែរ។ នោះគឺ គីម ជូអេ (Kim Ju Ae) កូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលត្រូវបានចារកម្មកូរ៉េខាងត្បូង ជឿជាក់ថា អាចនឹងក្លាយជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើង នៅពេលអនាគត។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីក្មេងស្រី ជូអេ៖

* តើគីម ជូអេ ជានរណា?
គីម ជូអេ ជាកូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន។ ជូអេ បានបង្ហាញខ្លួនជាសាធារណៈទៅកាន់ពិភពលោក ជាលើកដំបូងកាលពីឆ្នាំ២០២២ នៅពេលអមដំណើរឪពុក ចុះត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM។ ក្រុមអ្នកវិភាគបានចាត់ទុកជូអេ ដូចជាព្រះនាងម្ចាស់របស់កូរ៉េខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មិនដែលបានបញ្ជាក់ពីឈ្មោះពិតប្រាកដរបស់កូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះនោះទេ តែឈ្មោះ ជូអេ ត្រូវបានហៅដោយទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង។ គីម ជូអេ គឺជាកូនទី២របស់លោក គីម ជុងអ៊ន និងលោកស្រី Ri Sol Ju ជាអតីតតារាចម្រៀងកូរ៉េខាងជើងម្នាក់ និងដែលត្រូវបានគេរាយការណ៍ថា បានរៀបការជាមួយលោក គីម ជុងអ៊ុន កាលពីឆ្នាំ២០០៩។ ប៉ុន្តែ កាលពីឆ្នាំ២០២៣ ទីក្រុងសេអ៊ូលបាននិយាយថាខ្លួនមិនអាចផ្ទៀងផ្ទាត់បានឡើយថាតើកូនប្រុសច្បងរបស់លោក គីម នៅមានជីវិត ឬក៏យ៉ាងណា? ចំណែក អាយុពិតប្រាកដរបស់ជូអេ ក៏មិនត្រូវបានឱ្យដឹងប្រាកដនោះដែរ ដោយគ្រាន់តែគេដឹងថានៅពេលធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០១៣ អតីតតារាបាល់បោះអាមេរិក Dennis Rodman បានអះអាងថាលោកបានជួបទារិការបស់លោក គីម មានឈ្មោះថា ជូអេ។

* តើនៅកូរ៉េខាងជើង ជូអេ ត្រូវបានចាត់ទុកជាអ្វី?
នៅពេលបង្ហាញមុខតាមទីសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងម្ដងៗ គេសង្កេតឃើញថាទាំងមនុស្សចាស់ ឬពេញវ័យសុទ្ធតែឱនក្បាលគោរពក្មេងស្រី គីម ជូអេ។ ជាឧទាហរណ៍ នៅឯពិធីព្យុហយាត្រាយោធាមួយដើម្បីប្រារព្ធខួបលើកទី៧៥ នៃថ្ងៃបង្កើតកូរ៉េខាងជើង សេនាប្រមុខលោក Pak Jong Chon ដែលជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ នៅកូរ៉េខាងជើង ត្រូវបានគេប្រទះឃើញលុតជង្គង់ខ្សឹបដាក់ត្រចៀកក្មេងស្រី ជូអេ។ លោក Ahn Chan-il ដែលជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថានពិភពលោក សម្រាប់ការសិក្សាពី កូរ៉េខាងជើង (World Institute for North Korea Studies) បានប្រាប់ AFP ថាកាយវិការរបស់លោក Pak Jong Chon អាចបង្ហាញបានថាជូអេ ហាក់ដូចជាត្រូវបានជ្រើសរើស ឱ្យក្លាយជាអ្នកបន្តវេនពីលោក គីម ជុងអ៊ុន ហើយនេះជាកាយវិការបញ្ជាក់ថាលោក Pak ដែលតំណាងឱ្យយោធាកូរ៉េខាងជើងទាំងមូល បង្ហាញជាសាធារណៈពីភក្តីភាពចំពោះជូអេ។

លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ថែមទាំងបានលើកតម្កើង គីម ជូអេ ដោយចាត់ទុកថាជា «ឧត្តមមនុស្សនៃមគ្គទេសក៍» ដែលពាក្យនេះគេឭប្រើសម្រាប់ ហៅមេដឹកនាំនយោបាយជាន់ខ្ពស់នៅកូរ៉េខាងជើងតែប៉ុណ្ណោះ។

លោក គីម ជុងអ៊ុន ត្រូវបានគេស្គាល់ថាចូលចិត្តស្លៀកអាវស្បែក leather jackets ហើយកូនស្រីរបស់លោកក៏បានស្លៀកតាមលោកដែរ។ កាលពីខែវិច្ឆិកា ឆ្នាំមុន លោក គីម ជុងអ៊ុន និងកូនស្រីបានស្លៀកពាក់អាវស្បែក leather jackets និងពាក់វ៉ែនតាការពារពន្លឺថ្ងៃដូចគ្នា។ លោក គីម ជុងអ៊ុន បានបង្កើតម៉ូតសក់ របៀបស្លៀកពាក់ ចរិតលក្ខណៈ របៀបនិយាយ នៅតាមទីសាធារណៈ និងរហូតដល់រៀនសរសេរអក្សរឱ្យដូចជីតារបស់លោក និងជាអតីតស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង។ ក្រុមអ្នកវិភាគយល់ថា នេះជាវិធីសាស្ត្រមួយ ដើម្បីបញ្ជាក់ពី «សែលោហិតភ្នំពិសិដ្ឋ Paektu» ដែលគ្រួសារត្រកូលគីម តែងតែអះអាងប្រាប់ប្រជាជនកូរ៉េខាងជើងពីភាពអស្ចារ្យរបស់ខ្លួនសឹងតែស្មើនឹងអាទិទេព។

ជាការពិតណាស់ នៅកូរ៉េខាងជើងមិនដែលមានស្ត្រីដឹកនាំប្រទេសនោះទេ។ ប៉ុន្តែ គីម ជូអេ ដែលមានឈាមជ័រលោហិតមកពីភ្នំ Paektu នៃគ្រួសារគីម គួបផ្សំនឹងឆន្ទៈរបស់លោក គីម ប្រសិនបើលោកចង់ឱ្យកូនស្រីបន្តវេន នោះគ្មានអ្វីមករារាំងមិនឱ្យជូអេ ក្លាយជាមេដឹកនាំកូរ៉េខាងជើងនៅពេលអនាគត បានទេ។ នេះជាការយល់ឃើញរបស់លោក Vladimir Tikhonov ជាសាស្ត្រាចារ្យសិក្សាពីកូរ៉េ មកពីសាកលវិទ្យាល័យ Oslo។ តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Soo Kim ដែលជាអតីតអ្នកវិភាគ CIA ម្នាក់ បានប្រាប់ AFP ថាបច្ចុប្បន្ន គីម ជូអេ គ្រាន់តែជាក្មេងស្រីម្នាក់ប៉ុណ្ណោះ។ ដូច្នេះតួនាទីក្នុងមុខតំណែងខ្ពស់ពេក វាមិនមែនជារឿងដែលក្មេងទូទៅមានអាយុ ស្របាលនឹងជូអេ ស័ក្តិសមនឹងទទួលនោះទេ៕