(ញូវដែលី)៖ សមាជិកជាច្រើននាក់នៃគណបក្សប្រឆាំងមួយក្នុងប្រទេសឥណ្ឌាគឺ Aam Aadmi Party (AAP) ត្រូវបានចាប់ខ្លួនដោយប៉ូលិស ក្នុងទីក្រុងញូវដែលី នៅថ្ងៃសុក្រនេះ ខណៈប្រមូលជុំគ្នាដើម្បីតវ៉ាលើការចាប់ខ្លួនមេដឹកនាំពួកគេ និងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនឥណ្ឌារៀបចំការបោះឆ្នោតជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ ២០២៤។

ទីភ្នាក់ងារបង្រ្កាបឧក្រិដ្ឋកម្មហិរញ្ញវត្ថុឥណ្ឌា បានចាប់ខ្លួនលោក Arvind Kejriwal ប្រធានរដ្ឋបាលក្រុងញូវដែលី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទពុករលួយ ទាក់ទងនឹងគោលនយោបាយស្តីពីគ្រឿងស្រវឹង របស់ទីក្រុងនេះ។ សមាជិក AAP រួមទាំងមន្ត្រីមួយចំនួននៃរដ្ឋបាលក្រុងញូវដែលី ត្រូវបានប៉ូលិសបញ្ឈប់សកម្មភាព និងនាំខ្លួនចូលទៅក្នុងរថយន្តក្រុង ខណៈដែលពួកគេស្រែកពាក្យស្លោក និងព្យាយាមដង្ហែក្បួនឆ្ពោះទៅកាន់តុលាការក្រុង ដែលលោក Kejriwal គ្រោងបង្ហាញខ្លួន នៅថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា ការចាប់ខ្លួនលោក Kejriwal ធ្វើឡើងតិចជាងមួយខែ មុនពេលឥណ្ឌារៀបចំការបោះឆ្នោតថ្ងៃទី១៩ ខែមេសា ដែលធ្វើឱ្យ AAP ត្រូវជួបឧបសគ្គធំ ខណៈដែលលោកគឺជាបុគ្គលសំខាន់ក្នុងជួរថ្នាក់ដឹកនាំរបស់បក្ស៕