(កៀវ)៖ នៅថ្ងៃសុក្រនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាស​ក្នុងទ្រង់ទ្រាយធំមួយ កាលពីវេលាយប់កន្លងទៅ ដោយប្រើប្រាស់មីស៉ីលប្រមាណ៩០គ្រាប់ និងយន្តហោះដ្រូន៦០គ្រឿង មកលើប្រទេសរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤។

លោក ហ្សេលេនស្គី បាននិយាយថា យន្តហោះដ្រូនជាង៦០គ្រឿងខាងលើ ជាប្រភេទដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ ខណៈមីស៉ីលជិត៩០គ្រាប់ មានប្រភេទចម្រុះ។ ក្រសួងមហាផ្ទៃអ៊ុយក្រែន បានឱ្យដឹងថា ការវាយប្រហារថ្មីចុងក្រោយនេះរបស់រុស្ស៉ី បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២នាក់ស្លាប់ និង១៤នាក់រងរបួស ហើយ៣នាក់ផ្សេងទៀតបាត់ខ្លួន។ លោក ហ្សេលេនស្គី ក៏បានបន្តអំពាវនាវជាថ្មី សុំជំនួយយោធាបន្ថែមពី ក្រុមសម្ព័ន្ធមិត្តលោកខាងលិច ផងដែរ។

គួរបញ្ជាក់ថា កាលពីព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៉ីបានបាញ់មីស៉ីលរាប់សិបគ្រាប់ លើទីក្រុងកៀវ ដែលជារដ្ឋធានីរបស់អ៊ុយក្រែន ជាលើកដំបូង​គិតចាប់តាំងពីអំឡុងដើមខែកុម្ភៈ ហើយបានបង្កឱ្យមនុស្សយ៉ាងតិច១៧នាក់រងរបួស។ រីឯកាលពីថ្ងៃពុធ មនុស្សយ៉ាងហោច៥នាក់បានស្លាប់ និងជិត១០នាក់បានរងរបួស ក្នុងការវាយប្រហារមីស៉ីលរបស់រុស្ស៉ី លើទីក្រុង Kharkiv៕