(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី២២ ខែមីនានេះបានឱ្យដឹងថាកូរ៉េខាងជើងបានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសចិន វៀតណាម និងឡាវ ខណៈទីក្រុងព្យុងយ៉ាងកំពុងព្យាយាមពង្រីកការទំនាក់ទំនងការទូតរបស់ខ្លួន បន្ទាប់ពីការបិទខ្ទប់ប្រទេសប្រឆាំងកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

គណៈប្រតិភូខាងលើមកពីគណបក្សពលករកូរ៉េរបស់កូរ៉េខាងជើង ដឹកនាំដោយលោក Kim Song Nam ជាសមាជិកជំនួសនៃការិយាល័យនយោបាយ និងជានាយកនៃនាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្ស បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងរូបនេះបានជួបថ្នាក់ដឹកនាំលំដាប់ទី៤ នៅក្នុងជួរ គណបក្សកម្មុយនិស្ដចិន លោក Wang Huning រួមទាំងប្រធាននាយករដ្ឋានទំនាក់ទំនងអន្តរជាតិរបស់បក្ស លោក Liu Jianchao ផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឱ្យដឹងថាលោក Wang បាននិយាយថាចិនមានឆន្ទៈធ្វើការជាមួយកូរ៉េខាងជើង ដើម្បីលើកកម្ពស់មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងចូលរួមបង្កើតបរិយាកាសខាងក្រៅប្រកបដោយស្ថិរភាព និងសន្តិភាព។

គួរបញ្ជាក់ថា បើតាម KCNA ក្រៅពីចិន គណៈប្រតិភូកូរ៉េខាងជើងក៏នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងឡាវផងដែរ៕