(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃពុធសប្តាហ៍នេះបានប្រដូច ផែនការរបស់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោក Josep Borrell ដើម្បីផ្ទេរ ៩០ភារយនៃទ្រព្យសម្បតិ្តរុស្ស៉ី ដែលត្រូវបានបង្កកនៅធនាគារកណ្តាលអឺរ៉ុប ហើយយកទៅទិញអាវុធ ដើម្បីបំពាក់ឱ្យអ៊ុយក្រែនគឺស្មើនឹង​ «អំពើចោរលួច»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ ២០២៤។

ក្រោមផែនការរបស់ លោក Borrell នឹងមានការដកយកប្រាក់ចំណូលចេញពីទ្រព្យសកម្ម ដូចជាការបង់ថ្លៃទៅឱ្យមូនិធិ European Peace Facility ដែលជាមូលនិធិក្រៅកញ្ចប់ថវិកា សម្រាប់ការផ្តល់ជំនួយផ្នែកយោធាដល់ប្រទេស នៅខាងក្រៅសហភាពអឺរ៉ុប ហើយយកមកប្រើប្រាស់ថវិកាជាចម្បងសម្រាប់អ៊ុយក្រែន។ វិមានក្រឹមឡាំងចាត់ទុកថា ផែនការរបៀបនេះ ប្រសិនបើដាក់ឱ្យអនុវត្តមែននោះ នឹងបំផ្លាញកេរ្តិ៍ឈ្មោះអឺរ៉ុប ដែលជាអាណាព្យាបាលដ៏គួរឱ្យទុកចិត្ត សម្រាប់កម្មសិទ្ធិអចលនទ្រព្យ និងនាំឱ្យមានវិវាទគ្នារយៈពេលច្រើនឆ្នាំ។

អ្នកនាំពាក្យ លោក Dmitry Peskov បានគូសបញ្ជាក់ថា «ប្រជាជនអឺរ៉ុបដឹងច្បាស់ណាស់ពីការខូចខាត ចេញពីការសម្រេចចិត្តបែបនេះ ថាអាចប៉ះពាល់ដល់សេដ្ឋកិច្ច មុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ក្នុងនាមជាកន្លែងដ៏គួរឱ្យទុកចិត្តបាន ដូច្នេះអ្នកធានាមិនអាចរំលោភបំពាន លើទ្រព្យសម្បត្តិបានទេ។ លោក Peskov បានបន្ថែមថា «បុគ្គលដែលពាក់ព័ន្ធក្នុងការសម្រេចចិត្ត ឬប្រទេសដែលសម្រេចចិត្តធ្វើដូច្នេះ ពួកគេនឹងក្លាយជាកម្មវត្ថុនៃការកាត់ទោសអស់ជាច្រើនទសវត្សរ៍»

គួរបញ្ជាក់ថា ប្រហែល ៧០ភាគរយនៃទ្រព្យសកម្មរបស់រុស្ស៉ីទាំងអស់ ដែលត្រូវបង្កកនៅក្នុងប្រទេសលោកខាងលិច ត្រូវបានរក្សាទុកក្នុងធនាគារកណ្តាល Euroclear នៃប្រទេសបែលហ្សិក និងមានតម្លៃស្មើនឹង ១៩០ពាន់លានអឺរ៉ូ ឬ ២០៦ពាន់លានដុល្លារ៕