(ហ្សាការតា)៖ បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៉ី ដែលបានទទួលបរាជ័យ គឺលោក Anies Baswedan នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់ពាក្យតវ៉ាទៅកាន់តុលាការធម្មនុញ្ញ ដើម្បីប្រឆាំងជ័យជម្នះផ្លូវការរបស់លោក Prabowo Subianto ជាមួយការចោទប្រកាន់ថា ក្បួនច្បាប់ត្រូវបានផ្លាស់ប្តូរដោយអយុត្តិធម៌ ដើម្បីអនុញ្ញាតឱ្យកូនប្រុសរបស់ ប្រធានាធិបតីចប់អាណត្តិ គឺលោក Joko Widodo អាចឈរ​ឈ្មោះធ្វើជា អនុប្រធានាធិបតីរបស់លោក Prabowo។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤។

កាលពីថ្ងៃពុធសប្តាហ៍នេះ លទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៉ី ត្រូវបានប្រកាស ដោយលោក Prabowo អាយុ៧២ឆ្នាំ នឹងក្លាយជាមេដឹកនាំថ្មី របស់ប្រទេសឥណ្ឌូណេស៉ី យកឈ្នះលើលោក Anies និងគូប្រជែងម្នាក់ទៀត ជាមួយសំឡេងគាំទ្រទៅដល់៥៨.៦ភាគរយ ដែលមិនចាំបាច់មានការបោះឆ្នោតជុំទី២ឡើយ។ លោក Anies ដែលបានសំឡេងគាំទ្រត្រឹម២៤.៩ភាគរយ មិនព្រមទទួលលទ្ធផលផ្លូវការ​នោះទេ ហើយបានរិះគន់ផ្លូវឆ្ពោះទៅកាន់ជ័យជម្នះរបស់លោក Prabowo។

យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Prabowo បានជាប់ជំពាក់ជំពិនការចោទប្រកាន់ថា លោក Joko Widodo ដែលប្រជាជន​និយមហៅថា Jokowi បានជ្រៀតជ្រែក ដំណើរការបោះឆ្នោត ដើម្បីប៉ុនប៉ងបង្កើតរបបនយោបាយទាយាទនិយម តាមរយៈការកែប្រែក្បួនច្បាប់ ដែលអនុញ្ញាតឱ្យកូនប្រុសច្បងរបស់លោក គឺលោក Gibran Rakabuming Raka ឈរឈ្មោះជាអនុប្រធានាធិបតីរបស់លោក Prabowo។

ប្រធានក្រុមមេធាវីរបស់លោក Anies បាននិយាយដូច្នេះថា «យើងបានស្នើឱ្យដកសិទ្ធិបេក្ខជនអនុប្រធានាធិបតីឈ្នះឆ្នោត ហើយយើង​បានស្នើឱ្យមានការបោះឆ្នោតឡើងវិញ ដោយបេក្ខជនអនុប្រធានាធិបតីរូបនោះ ត្រូវជំនួសដោយអ្នកផ្សេង។ ពួកយើងក៏បានស្នើឱ្យ​តុលាការធម្មនុញ្ញ ឱ្យដាក់បទបញ្ជាផងដែរលែងឱ្យប្រធានាធិបតី អាចលូកដៃជ្រៀតជ្រែក ដំណើរការបោះឆ្នោត នាពេលក្រោយៗទៀតបាន»

គួរបញ្ជាក់ថា លោក Prabowo ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងជាប់ជាប្រធានាធិបតីឥណ្ឌូណេស៉ី ក្នុងការព្យាយាមជាលើកទី៣ ក្រោយបរាជ័យកាលពីឆ្នាំ២០១៤ និង២០១៩ ក្រោមដៃលោក Jokowi។ ក្រុមមេធាវីលោក Prabowo មានភាពជឿជាក់ថា លទ្ធផលបោះឆ្នោត នឹងមិនអាចត្រូវតវ៉ាដោយជោគជ័យឡើយ ដោយសារតែ គម្លាតសំឡេងគាំទ្រដ៏ធំរបស់លោក។ លោក Prabowo នឹងចូលកាន់តំណែងជាផ្លូវការ នៅខែតុលា ឆ្នាំនេះ៕