(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken នាថ្ងៃពុធនេះ បានបន្តដំណើរចេញពីប្រទេសហ្វីលីពីន ដើម្បីឆ្ពោះទៅ​តំបន់មជ្ឈិមបូព៌ា ដែលជាលើកទី៦ គិតចាប់តាំងពីសង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាស បានផ្ទុះឡើងនៅដែនដីប៉ាឡេស្ទីន ហ្កាហ្សាស្រ្ទីប (Gaza Strip) ដើម្បីព្យាយាមសម្រេចឱ្យបាននូវបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤។

ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា លោក Blinken នឹងជួបថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត នៅទីក្រុង Jeddah ហើយជាមួយថ្នាក់ដឹកនាំអេហ្ស៉ីប នៅទីក្រុងគែរ ដើម្បីជជែកអំពីដំណើរការកិច្ចចរចា ដែលមានការជួយសម្រុះសម្រួលពីអេហ្ស៉ីបក៏ដូចជាកាតា ស្តីពីបទឈប់បាញ់ ព្រមទាំងអំពីមធ្យោបាយ ដើម្បីនាំយកជំនួយមនុស្សធម៌បន្ថែម ចូលទៅកាន់តំបន់ Gaza។ កិច្ចពិភាក្សាអំពីបទឈប់បាញ់ កំពុងបន្តក្នុងសប្តាហ៍នេះនៅប្រទេសកាតា ប៉ុន្តែកិច្ចប្រឹងប្រែងចរចាយ៉ាងលំបាក ជាច្រើនសប្តាហ៍មកនេះ នៅមិនទាន់សម្រេចបាននូវការព្រមព្រៀងគ្នា រវាងអ៉ីស្រាអែលនិងហាម៉ាសនៅឡើយទេ ខណៈទីក្រុងវ៉ាស៉ីនតោនសង្ឃឹមថា វានឹងអាចជួយបន្ធូរបន្ថយ វិបត្តិមនុស្សធម៌ ដែលកំពុងកើតមាន​នៅ Gaza។

គួរបញ្ជាក់ថា សង្រ្គាមនៅបានផ្ទុះឡើងដំបូង នៅពេលក្រុមហាម៉ាស បានធ្វើសកម្មភាពឆ្មក់វាយលុកទ្រង់ទ្រាយធំចូលអ៉ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំមុន ដែលបើតាមការអះអាងរបស់អ៉ីស្រាអែល គឺហាម៉ាសបានសម្លាប់មនុស្ស១,២០០នាក់ និងចាប់មនុស្ស២៥៣នាក់ទៀត យកធ្វើជាចំណាប់ខ្មាំង អំឡុងការវាយប្រហារនោះ។ ដោយឡែក បើតាមអាជ្ញាធរតំបន់ Gaza វិញ សង្រ្គាមសងសឹករបស់អ៉ីស្រាអែលនៅទីនោះ បានផ្តាច់ជីវិតមនុស្ស​កើនដល់ជិត៣២,០០០នាក់ហើយ មកទល់នឹងពេលនេះ។ សម្រាប់លើកនេះ លោក Blinken មិនមានកាលវិភាគត្រូវធ្វើទស្សនកិច្ចនៅ​អ៉ីស្រាអែល ដូចកាលពីអំលុងទស្សនកិច្ចប៉ុន្មានដង កន្លងមកទេ៕