(វ៉ាស៉ីនតោន)៖ មន្រ្តីការទូតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំតំបន់អាស៉ីបូព៌ា បានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងបើកដំណើរការស្ថានទូត ប្រចាំនៅក្នុងប្រទេសវ៉ានូទូនាពេលឆាប់ៗនេះ ហើយកំពុងធ្វើការផងដែរដើម្បីទទួលបានការអនុម័ត ពីសំណាក់សភានៅប្រទេសគិរីបាទី សម្រាប់ការបើកបេសកកម្មការទូត នៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ ២០២៤។

លោក Daniel Kritenbrink អនុរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការអាស៉ីបូព៌ា និងប៉ាស៉ីហ្វិក បានប្រាប់គណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាថា សហរដ្ឋអាមេរិកបានដំណើរការស្ថានទូតចំនួន ២ក្នុងចំណោម ៤រួចមកហើយ សម្រាប់ផែនការដែលខ្លួនបានប្រកាសក្នុងតំបន់។ លោក Kritenbrink បានបញ្ជាក់ថា «យើងដំណើរការរួចហើយនៅក្នុង ប្រទេសដីកោះសូឡូម៉ុន និងតុងហ្កា។ យើងនឹងបើកស្ថានទូតមួយនៅឯវ៉ានូទូ ហើយក៏កំពុងធ្វើការជាមួយគីរីបាទី ដោយសារតែយើងត្រូវការការអនុម័ត ពីសភាសម្រាប់កិច្ចការនេះ»។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន ត្រូវបានគេមើលឃើញថា កំពុងប្រឹងប្រែងដើម្បីជំរុញវត្តមានការទូត នៅលើទឹកដីនៃប្រទេសក្នុងតំបន់ប៉ាស៉ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅទីនោះ ដែលអាមេរិកចាត់ទុកជាគូប្រជែងយុទ្ធសាស្ត្រ ដ៏សំខាន់របស់ខ្លួន៕