(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានហៅប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនថាជា «សត្រូវម្នាក់» ដែលនឹងមិន បញ្ឈប់សង្រ្គាមនៅត្រឹមអ៊ុយក្រែននោះទេ ប្រសិនបើកងទ័ពរុស្ស៉ីយកឈ្នះលើកងទ័ពអ៊ុយក្រែន នៅក្នុងសង្រ្គាមអូសបន្លាយពេលជាង២ឆ្នាំមកនេះ ហើយលោកក៏បានជំរុញ ផងដែរឱ្យអឺរ៉ុបមិនត្រូវទន់ជ្រាយឡើយ និងត្រៀមលក្ខណៈដើម្បីឆ្លើយតប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤។

លោក ម៉ាក្រុង កាលពីខែកុម្ភៈកន្លងទៅ បានបង្កឱ្យមានភាពចម្រូងចម្រាសម្ដងរួចមកហើយ បន្ទាប់ពីលោកនិយាយថាលោកមិនអាចច្រាលចោលជម្រើសបញ្ជូនកងទ័ពថ្មើរជើង ទៅកាន់អ៊ុយក្រែននោះទេ នៅពេលអនាគត។ មេដឹកនាំលោកខាងលិចជាច្រើនបានដកខ្លួននៅឆ្ងាយពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំងរូបនេះ តែមេដឹកនាំអឺរ៉ុបដទៃ ជាពិសេសក្នុងតំបន់អឺរ៉ុបខាងកើតបានបង្ហាញការគាំទ្រ។

ជាថ្មីម្ដងទៀត ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍មួយនៅក្នុងស្រុក លោក ម៉ាក្រុង បានកត់សម្គាល់ដូច្នេះថា «ប្រសិនបើរុស្ស៉ីឈ្នះក្នុងសង្រ្គាមនេះ (អ៊ុយក្រែន) ជំនឿចិត្តរបស់ អឺរ៉ុបនឹងធ្លាក់ដល់សូន្យ»។ លោកបន្ថែមថា «រុស្ស៉ីបានក្លាយជាមហាអំណាចមួយដែលចង់ពង្រីកខ្លួន ហើយនឹងមិនបញ្ឈប់នៅត្រឹមអ៊ុយក្រែនទេ។ ដូច្នេះ បើយើងបោះបង់ចោល អ៊ុយក្រែន បើយើងទុកឱ្យអ៊ុយក្រែនចាញ់ក្នុងសង្រ្គាមនេះ នោះរុស្ស៉ីប្រាកដណាស់នឹងគំរាមកំហែងបន្តដល់ម៉ុលដាវី រូម៉ានី និងប៉ូឡូញ»។

គួរបញ្ជាក់ថា បើតាមលោក ម៉ាក្រុង អ៊ុយក្រែនកំពុងស្ថិតនៅក្នុងស្ថានការណ៍ដ៏លំបាក និងត្រូវការការគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួនជាចាំបាច់។ ដោយឡែក ពាក់ព័ន្ធនឹង ការលើកពេលការធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ប្រធានាធិបតីបារាំងរូបនេះបាននិយាយថារូបលោកមិនបានលុបចោលគម្រោងធ្វើទស្សនកិច្ចទៅអ៊ុយក្រែន ដោយសារតែហេតុផលសន្តិសុខនោះឡើយ តែក៏មិនបានបញ្ជាក់ថាមកពីហេតុអ្វីនោះដែរ៕