(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានធានាប្រាប់អ៊ុយក្រែនថាបណ្ដាប្រទេសលោកខាងលិច នឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធស្ដីពី ការផ្ដល់ការគាំទ្រយោធា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤។

កិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ កើតមានឡើងនៅមុនជំនួបនៅថ្ងៃសុក្រសប្ដាហ៍នេះ រវាងលោក Scholz ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ក្នុងទីក្រុងបែរឡាំង ដើម្បីពិភាក្សាពីការផ្ដល់ជំនួយសម្រាប់អ៊ុយក្រែន។ ក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលអាល្លឺម៉ង់ បានឱ្យដឹងថាលោកអធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីអ៊ុយក្រែន បានឯកភាពគ្នាលើបន្តកិច្ចសន្ទនាប្រកបដោយ លក្ខណៈស្ថាបនារវាងគ្នា និងចែករំលែកការយល់ឃើញពីការគាំទ្ររបស់ពិភពលោកចំពោះដំណោះស្រាយសន្តិភាព ហើយនឹងបន្តទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។

ចំណែក លោក Zelenskiy វិញក៏បាននិយាយដែរថាបានពិភាក្សាជាមួយលោក Scholz ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងបានអរគុណអាល្លឺម៉ង់ផងដែរ សម្រាប់ការចូលរួមជាមួយប្រទេសឆែក ក្នុងកិច្ចប្រឹងប្រែងដើម្បីផ្ដល់គ្រាប់កាំភ្លើងធំដល់ទីក្រុងកៀវ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅតែមានការស្ទាក់ស្ទើរក្នុងការបញ្ជូនមីស៊ីលគ្រូស Taurus ឱ្យអ៊ុយក្រែន ដោយនិយាយថា ការផ្ដល់មីស៊ីលដ៏ទំនើបនេះ នឹងតម្រូវឱ្យមានការបញ្ជូនទាហានអាល្លឺម៉ង់ដោយផ្ទាល់ទៅកាន់អ៊ុយក្រែន ដើម្បីជួយធ្វើប្រតិបត្តិការលើការប្រើប្រាស់មីស៊ីលនេះដែលនេះ អាចនឹងធ្វើឱ្យផ្ទុះសង្រ្គាមលោក៕