(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបង្រ្កាប ដោយមិនសមហេតុផលលើក្រុមហ៊ុនបរទេស បន្ទាប់ពីសេចក្តីព្រាងច្បាប់មួយរបស់សហរដ្ឋអាមេរិក បានផ្តោតលើកម្មវិធីវីដេអូខ្លី TikTok។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៤ ខែមីនា​ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក He Yadong បាននិយាយថា សហរដ្ឋអាមេរិកគួរតែគោរពយ៉ាងស្មោះស្ម័គ្រលើគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី និងការប្រកួតប្រជែងដោយយុត្តិធម៌ ដោយផ្តល់បរិយាកាសបើកចំហ យុត្តិធម៌ និងគ្មានការរើសអើងសម្រាប់ក្រុមហ៊ុន មកពីគ្រប់ប្រទេសទាំងអស់។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា ភាគីពាក់ព័ន្ធគួរតែគោរពយ៉ាងតឹងរ៉ឹងចំពោះច្បាប់ និងបទប្បញ្ញត្តិរបស់ចិន ហើយចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

គួរជម្រាបថា កាលពីដើមសប្តាហ៍នេះ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តច្បាប់មួយដែលតម្រូវឱ្យ TikTok ដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ខ្លួន គឺក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance ឬនឹងត្រូវប្រឈមនឹងការហាមឃាត់ទូទាំងប្រទេសនៅសហរដ្ឋអាមេរិក៕