(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេស លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងវ៉ាស៉ីនតោនកំពុងធ្វើការ ដើម្បីសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងពហុជាតិ ក្នុងការរៀបចំច្រករបៀងនាំយកជំនួយតាមផ្លូវសមុទ្រ ចូលទៅកាន់តំបន់ហ្គាហ្សា ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្ត «ស្រោចស្រពតំបន់» ជាមួយនិងជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ ២០២៤។

លោក Blinken បានចូលរួមក្នុងសន្និសីទតាមប្រព័ន្ធវីដេអូ ជាមួយក្រុមមន្រ្តីមកពីប្រទេសស៉ីប ចក្រភពអង់គ្លេស អេមីរ៉ត់អារ៉ាប់រួម កាតា សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការបង្កើត និងដំណើរការច្រករបៀងថ្មី។ លោក Blinken បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯក្រសួងការបរទេសអាមេរិកថា សហរដ្ឋអាមេរិកក៏កំពុងធ្វើការជាមួយអ៉ីស្រាអែលផងដែរ ជុំវិញបញ្ហាច្រករបៀងនេះ ដោយមានការគាំទ្រពីអាល្លឺម៉ង់ ក្រិក អ៉ីតាលី ហូឡង់ និងកាណាដា ប៉ុន្តែវាត្រូវការពេលបន្ថែមទៀត ដើម្បីបង្កើតបាន។ លោក Blinken បញ្ជាក់ថា «ខ្ញុំចង់លម្អិតថាវាជាការបំពេញបន្ថែមមួយ មិនមែនជាមធ្យោបាយជំនួសទេ វាជាមធ្យោបាយថ្មី ដើម្បីនាំយកជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្គាហ្សា ហើយជាពិសេសគឺតាមផ្លូវគោក ដែលជាមធ្យោបាយដ៏សំខាន់បំផុត ដើម្បីចែកចាយដល់អ្នកដែលត្រូវការ»

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារផ្តល់ជំនួយ សង្រ្គាមអ៉ីស្រាអែល-ហាម៉ាសជាង ៥ខែមកនេះ កំពុងធ្វើឱ្យប្រជាជនជាច្រើនជួបនឹងទុរ្ភិក្ស។កាលពីសប្តាហ៍មុន ប្រធានាធីបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសពីផែនការ ឱ្យយោធាអាមេរិករៀបចំសង់ផែបណ្តោះអាសន្ន​មួយនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់តំបន់ហ្គាហ្សា ដែលនឹងអនុញ្ញាតឱ្យមានការទទួលយក និងចែកចាយជំនួយជាស្បៀងអាហាររហូតដល់ ២លានកញ្ចប់ក្នុងមួយថ្ងៃ នៅដែនដីប៉ាឡេស្ទីនមួយនេះ៕