(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រាប់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គ្មានសិទ្ធិអំណាចអ្វី មកបើកការស៉ើបអង្កេតលើសង្រ្គាមបោសសំអាតគ្រឿងញៀន របស់អតីតមេដឹកនាំហ្វីលីពីន លោក Rodrigo Duterte នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤។

ការិយាល័យប្រធានាធិបតីហ្វីលីពីន បានចេញសេចក្តីប្រកាសកាលពីយប់ថ្ងៃពុធសប្តាហ៍នេះថា លោក Marcos បានជជែកអំពីការស៉ើបអង្កេតរបស់តុលាការ ICC អំឡុងជំនួបទ្វេភាគីជាមួយលោក Scholz កាលពីថ្ងៃអង្គារ នៅឯប្រទេសអាល្លឺម៉ង់ ជាទីដែលរូបលោក ស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចការងារ។ លោក Marcos បាននិយាយថា តុលាការហ្វីលីពីនផ្ទាល់អាចធ្វើការងារនេះបាន ហើយសមត្ថកិច្ច​របស់ហ្វីលីពីន កំពុងស៉ើបអង្កេតលើរឿងនេះ។ លោកប្រធានាធីបតីហ្វីលីពីន បានបន្ថែមថា វាពិបាកខ្លាំងណាស់ សម្រាប់ឱ្យហ្វីលីពីនទទួល​យកការបង្គាប់បញ្ជាពីតុលាការដទៃពីខាងក្រៅ ឱ្យប៉ូលិសហ្វីលីពីន ត្រូវស៉ើបអង្កេតនិងចាប់ខ្លួន អ្នកនេះឬអ្នកនោះ។

សេចក្តីប្រកាសខាងលើមិនបានបញ្ជាក់ថា តើលោក Olaf Scholz បានឆ្លើយតបបែបណា ចំពោះគោលជំហររបស់លោក Marcos ទេ ខណៈអាល្លឺម៉ង់គឺជាអ្នកគាំទ្រ និងជាអ្នកចូលរួមផ្តល់វិភាគទានដ៏ធំមួយ របស់តុលាការ ICC។ អតីតប្រធានាធីបតីហ្វីលីពីន លោក Duterte បានដកប្រទេសហ្វីលីពីនជាផ្លូវការ ចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីឆ្នាំ២០១៩ ក្រោយចោទសួរលើ សិទ្ធិអំណាចរបស់តុលាការ​នេះ ក្នុងការស៉ើបអង្កេតសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ តុលាការអន្តរជាតិដែលមានមូលដ្ឋាន នៅទីក្រុងឡាអេប្រទេសហូឡង់មួយនេះ បានបដិសេធការជំទាស់​របស់ទីក្រុងម៉ានីល ហើយអនុញ្ញាតឱ្យបន្តការស៉ើបអង្កេតទៅលើ ការស្លាប់មនុស្សអំឡុងសង្រ្គាមគ្រឿងញៀននោះ និងអំពើសង្ស័យរំលោភសិទ្ធិមនុស្ស ផ្សេងទៀត។ ប៉ូលិសហ្វីលីពីនបានអះអាងថា ពួកគេបានសម្លាប់ជនសង្ស័យជួញដូរគ្រឿងប្រមាណ ​៦,២០០នាក់ ដែលមិនព្រមឱ្យចាប់ខ្លួនតាមសម្រួល អំឡុងប្រតិបត្តិការបង្រ្កាប ខណៈក្រុមសិទ្ធិមនុស្សយល់ថា តួលេខអ្នកស្លាប់អាចខ្ពស់​ជាងនេះឆ្ងាយ។ កាលពីខែវិច្ឆិកា ឆ្នាំមុន លោក Marcos បាននិយាយថា លោកកំពុងសិក្សាអំពីលទ្ធភាព នៃការនាំហ្វីលីពីនត្រឡប់ចូលជាសមាជិក ICC វិញ ប៉ុន្តែប៉ុន្មានខែក្រោយមក លោកក៏បាននិយាយថា ហ្វីលីពីននឹងផ្តល់កិច្ចសហការសូម្បីតែបន្តិចឡើយ ដើម្បីជួយក្នុងការស៉ើបអង្កេតណាមួយរបស់ ICC៕