(តៃប៉ិ)៖ ឆ្មាំសមុទ្រតៃវ៉ាន់បានឱ្យដឹងថា ចិននិងតៃវ៉ាន់កំពុងធ្វើបេសកកម្មរុករកនិងជួយសង្រ្គោះរួមគ្នា សម្រាប់សមាជិក២នាក់ នៃទូកនេសាទចិន១គ្រឿង ដែលបានលិចនៅថ្ងៃព្រហស្បតិ៍នេះ ក្បែរកោះគ្រប់គ្រងដោយតៃវ៉ាន់ ហើយបណ្តាលឱ្យសមាជិក២នាក់ផ្សេងទៀត បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤។

ឆ្មាំសមុទ្រតៃវ៉ាន់បានបញ្ជូនទូកល្បាត៤គ្រឿង ក្រោយទទួលបានសេចក្តីរាយការណ៍ កាលពីវេលាម៉ោងខ្ទង់៦ព្រឹកថា ទូកនេសាទចិនផ្ទុកមនុស្ស​សរុប៦នាក់ បានលិចនៅចម្ងាយ២គីឡូម៉ែត្រ ពីភាគនិរតីកូនកោះ Dongding នៃទីប្រជុំកោះ Kinmen ដែលនៅក្បែរឆ្នេរប្រទេសចិន ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់តៃវ៉ាន់។ ទូកសង្រ្គោះចិនចំនួន៦គ្រឿង ក៏បានចូលរួមក្នុងប្រតិបត្តិការរុករកនិងជួយសង្រ្គោះនេះ ផងដែរ។

គួរបញ្ជាក់ថា បេសកកម្មរួមខាងលើកើតមានឡើង នៅរយៈពេលមួយខែគត់ បន្ទាប់ពីករណីលិចទូកនេសាទចិន១គ្រឿង ហើយបណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ ក្រោយត្រូវឆ្មាំសមុទ្រតៃវ៉ាន់ដេញតាម ដោយសារតែចូលទៅក្បែរតំបន់ហាមឃាត់ ក្បែរទីប្រជុំកោះ Kinmen។ ឧប្បត្តិហេតុនោះ បានបង្កើនថែមទៀតនូវភាពតានតឹង ដែលមានស្រាប់ រវាងទីក្រុងតៃប៉ិនិងទីក្រុងប៉េកាំង។ បើតាមឆ្មាំសមុទ្ររបស់តៃវ៉ាន់ ចាប់តាំងពីហេតុការណ៍ថ្ងៃទី១៤ ខែកុម្ភៈ ជាមធ្យមទូកឆ្មាំសមុទ្រចិនចន្លោះ៦-៧គ្រឿង បានមកធ្វើសកម្មភាពនៅដែនទឹកក្បែរ Kinmen ជាប្រចាំ៕