(តូក្យូ)៖ នាថ្ងៃព្រហស្បតិ៍នេះ យោធាអាមេរិកបានបន្តប្រតិបត្តិការហោះហើរឡើងវិញ នៃយន្តហោះ Osprey នៅឯប្រទេសជប៉ុន ដែលជា​ការបិទបញ្ចប់រយៈពេលបញ្ឈរជើង៣ខែ ក្រោយករណីចុងក្រោយគេបង្អស់ នៃហេតុការណ៍ធ្លាក់យន្តហោះយោធាប្រភេទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤។

ការសម្រេចចិត្តខាងលើ បានបង្កការខឹងសម្បារ នៅក្នុងតំបន់ Okinawa ភាគខាងត្បូងជប៉ុន ជាទីដែលកងទ័ពអាមេរិកភាគច្រើនឈរជើង ដោយអភិបាលតំបន់នោះ បាននិយាយថា ក្រុមអ្នកស្រុកដែលមានក្តីព្រួយបារម្ភ គឺមិនទទួលបានការបកស្រាយសមរម្យគ្រប់គ្រាន់ឡើយ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ យន្តហោះ Osprey ១គ្រឿង របស់យោធាអាមេរិក បានធ្លាក់ស្លាប់មនុស្សទាំង៨នាក់ ដែលជិះនៅលើនោះ ហើយបង្កឱ្យមានការសម្រេចចិត្តផ្អាកប្រតិបត្តិការយន្តហោះនេះ នៅទូទាំងពិភពលោក កាលពីខែធ្នូ ឆ្នាំដដែល។ អាជ្ញាធរនិងប្រជាជនប៉ុន នៅខេត្ត Okinawa ជាទីដែលភាគច្រើ ននៃកងកម្លាំងយោធាអាមេរិកសរុបទាំង៥៤,០០០នាក់ ដែលស្ថិតក្នុងប្រទេសជប៉ុន ឈរជើង បានមានការមិនពេញចិត្តជាយូរមកហើយ អំពីប្រតិបត្តិការនៃយន្តហោះ Osprey។

គួរបញ្ជាក់ថា យន្តហោះ Osprey ដែលអាចហោះឡើង និងចុះចតដូចឧទ្ធម្ភាគចក្រ បានជួបប្រទះហេតុការណ៍ធ្លាក់ប៉ុន្មានលើកមកហើយ រួមមានទាំងករណីនៅភាគខាងជើង ប្រទេសអូស្រ្តាលី ដែលបានផ្តាច់ជីវិតកងម៉ារីនអាមេរិក៣នាក់ កាលពីខែសីហា ឆ្នាំ២០២៣ និងករណី​នៅប្រទេសន័រវែសឆ្នាំ២០២២ ដែលបានបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់។ ចំណែកកាលពីឆ្នាំ២០១៧ កងម៉ារីន៣នាក់បានស្លាប់ ពេល​យន្តហោះ Osprey ១គ្រឿង បានធ្លាក់នៅក្បែរឆ្នេរភាគខាងជើងអូស្រ្តាលី និងម៉ារីន១៩នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់​យន្តហោះនេះ អំលុងសមយុទ្ធ នៅរដ្ឋ Arizona កាលពីឆ្នាំ២០០០។ អាមេរិកធ្លាប់បញ្ឈរជើងយន្តហោះ Osprey ជាបណ្តោះអាសន្ន នៅឆ្នាំ២០១៦ ក្រោយយន្តហោះនេះ១គ្រឿង បានធ្លាក់នៅក្បែរកោះ Okinawa ប៉ុន្តែមិនមានមនុស្សស្លាប់ទេ នាពេលនោះ៕