(ស៉ីដនី)៖ អាជ្ញាធរបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា បុរសជាកម្មករអាយុ ៣៧ឆ្នាំម្នាក់បានស្លាប់ និងអ្នកផ្សេងទៀតត្រូវរបួសធ្ងន់ បន្ទាប់ពីផ្ទាំងថ្មបានបាក់រលំនៅខាងក្នុងអណ្តូងរ៉ែមាសមួយកន្លែង នៅរដ្ឋ Victoria ប្រទេសអូស្រ្តាលី ខណៈដែលកម្មករចំនួន ២៨នាក់ដែលកំពុងធ្វើការនៅក្នុងនោះត្រូវបានជួយសង្រ្គោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ ២០២៤។

ប៉ូលិសរដ្ឋ Victoria បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសង្រ្គោះបន្ទាន់ត្រូវបានស្នើឱ្យទៅកាន់អណ្តួងរ៉ែមាស Ballarat ដែលស្ថិតនៅតំបន់ Mount Clear ចម្ងាយប្រហែល ១០០គីឡូម៉ែត្រភាគខាងលិចទីក្រុង Melbourne បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបាក់ផ្ទាំងថ្ម កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ឧប្បត្តិហេតុបានកើតឡើងនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រពីច្រកចូលអណ្តូងរ៉ែមាសក្រោមដីនោះ។ ដំបូងឡើយ ក្រុមគ្រូពេទ្យបានជួយសង្រ្គោះកម្មករម្នាក់ដែលត្រូវរបួសខ្លាំង ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោមស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែក្រោយមកក៏បានស្លាប់។ រីឯកម្មករដ៏ទៃទៀត ត្រូវបានជួយសង្រ្គោះចេញពីកន្លែងកើតហេតុ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អូស្រ្តាលី កាលពីឆ្នាំ ២០០៧ ធ្លាប់មានកម្មកររ៉ែចំនួន ២៧នាក់ជាប់នៅក្នុងអណ្តូងរ៉ែមាសខាងលើនេះ អស់រយៈពេលជាច្រើនម៉ោងមុនពេលត្រូវបានជួយសង្រ្គោះ៕