(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ បានទៅទស្សនា Bangkok temple នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីលោកត្រូវបានដោះលែងពីការជាប់ឃុំ ជុំវិញបទប្រព្រឹត្តអំពើពុករលួយ និងការរំលោភអំណាច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ ២០២៤។

បណ្តាប្រព័ន្ធផ្សព្វផ្សាយនៅខាងមុខទីសក្ការបូជានេះ បានផ្តិតយករូបភាពរបស់ លោក ថាក់ស៉ីន ពាក់អាវយឺតពណ៌ខៀវ និងទៅធ្វើការបន់ស្រន់ចាប់តាំងពីម៉ោង ៥ព្រឹក។ បន្ទាប់មកនៅថ្ងៃដដែលនេះ លោក ថាក់ស៉ីន នឹងធ្វើដំណើរទៅកាន់ស្រុកកំណើត ក្នុងទីក្រុងឈៀងម៉ៃ ដើម្បីជួបក្រុមគ្រួសារសាច់ញាតិ និងអ្នកគាំទ្ររបស់លោក។ លោក ថាក់ស៉ីន ត្រូវបានអមដំណើរដោយកូនស្រីពៅរបស់លោក គឺអ្នកនាង Paetongtarn ដែលបច្ចុប្បន្នជាប្រធានគណបក្សភឿថៃ រួមទាំងស្វាមី។

គួរបញ្ជាក់ថា អ្នកនយោបាយវ័យ ៧៤ឆ្នាំរូបនេះ បានវិលត្រឡប់ចូលប្រទេសថៃវិញ កាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនឯងអស់រយៈពេល ១៥ឆ្នាំ ហើយភ្លាមៗត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ក្រោមបទចោទប្រកាន់តាំងពីសម័យលោកកាន់អំណាច។ ក្រោយមក ការកាត់ទោសលើលោក ថាក់ស៉ីន ត្រូវបានបន្ថយមកនៅត្រឹម ១ឆ្នាំ ដោយព្រះមហាក្សត្រ Maha Vajiralongkorn។ រដ្ឋាភិបាលថៃ កាលពីខែកុម្ភៈបានប្រកាសថា លោក ថាក់ស៉ីន មានសិទ្ធិទទួលបានការដោះលែងមុនពេលកំណត់ ដោយសារតែអាយុ និងសុខភាពរបស់លោក៕