(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos គ្រោងជួបរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃទី១៩ ខែមីនា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហាសន្តិសុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ ២០២៤។

សេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីហ្វីលីពីន កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ បានឱ្យដឹងថា ជំនួបនោះត្រូវបានគ្រោងឡើង បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងរវាងហ្វីលីពីន និងចិន ជុំវិញសកម្មភាពនៅចំណុចដែនទឹកមានវិវាទ ក្នុងសមុទ្រចិនខាងត្បូង។ អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងបែរឡាំង របស់អាល្លឺម៉ង់ នៅសប្តាហ៍នេះ លោក Marcos បានគូសបញ្ជាក់ថា «ខ្ញុំដូចជាមិនភ្ញាក់ផ្អើលទេ ប៉ុន្តែយើងនឹងបន្តធ្វើអ្វីដែលយើងអាចការពារដែនសមុទ្ររបស់យើង នៅចំពោះមុខសកម្មភាពរបស់ចិន»

គួរបញ្ជាក់ថា មួយរយៈកាលចុងក្រោយនេះ ហ្វីលីពីន និងចិនបានចោទប្រកាន់គ្នាទៅវិញទៅមក ពីការប្រព្រឹត្តសកម្មភាពប្រកបគ្រោះថ្នាក់ នៅឯចំណុចមានវិវាទនៃសមុទ្រចិខាងត្បូង។ លោក Marcos ប្តេជ្ញាការពារទឹកដីដែលហ្វីលីពីនថាស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន បន្ទាប់ពីប្រធានាធិបតីចិន លោក ស៉ី ជីនពីង អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ត្រៀមលក្ខណៈផ្នែកយោធា ក្នុងករណីមានជម្លោះដែនសមុទ្រ៕