(ហ្គាហ្សា)៖ អ៉ីស្រាអែល បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា ការវាយប្រហារតាមអាកាសរបស់ខ្លួន ទៅលើទីតាំងចែកចាយស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (UN) នៅឯភាគខាងត្បូងតំបន់ហ្គាហ្សា បានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់ ខណៈមន្ត្រីសុខាភិបាលប៉ាឡេស្ទីននិយាយថា ការវាយប្រហារនោះបានសម្លាប់មនុស្ស ៤នាក់ទៀត ដែលមានរួមទាំងបុគ្គលិករបស់ UN ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ ២០២៤។

បើតាមយោធាអ៉ីស្រាអែល បុគ្គលឈ្មោះ Mohammad Abu Hasna ត្រូវបានសម្លាប់។ បុគ្គលរូបនេះជាសមាជិករបស់ក្រុមហាម៉ាស និងជាអ្នកស៉ើបការណ៍ឱ្យក្រុមរបស់ខ្លួន អំពីទីតាំងរបស់កងទ័ពអ៉ីស្រាអែល ហើយក៏មានតួនាទីកាន់កាប់ជំនួយមនុស្សធម៌ និងចែកចាយដល់ក្រុមហាម៉ាស។ ភ្លាមៗនេះ មិនទាន់មានការបញ្ជាក់ពីក្រុមហាម៉ាសទេ ថាបុគ្គលរូបនោះជាសមាជិករបស់ខ្លួនឬយ៉ាងណា។

ទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីន (UNRWA) បានឱ្យដឹងថា ទីតាំងមួយរបស់ខ្លួននៅក្នុងទីក្រុង Rafah បានរងការវាយប្រហារ។ យ៉ាងហោចណាស់បុគ្គលិក UNRWA ម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ៥នាក់ និង ២២នាក់ទៀតរងរបួស។

គួរបញ្ជាក់ថា Rafah ជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងហ្គាហ្សា ដោយជាងពាក់កណ្តាលនៃចំនួនប្រជាជន ២.៣លាននាក់នៃតំបន់ហ្គាហ្សា កំពុងជ្រកកោនទៅទីនោះ៕