(គៀវ)៖ មេបញ្ជាការកងទ័ពអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធនេះថា ស្ថានភាពនៅលើសមរភូមិគឺ «លំបាក» ហើយថា កងកម្លាំងរុស្ស៊ីអាចនឹងត្រៀមខ្លួនរួចជាស្រេច ក្នុងការវាយលុកចូលជ្រៅទៅក្នុងខ្សែបន្ទាត់អ៊ុយក្រែននៅក្នុងតំបន់ Donetsk ភាគខាងកើត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

កងកម្លាំងរបស់ទីក្រុងគៀវ កំពុងឈរជើងការពារនៅជួរមុខចម្ងាយ ១,០០០ គីឡូម៉ែត្រនៅភាគខាងកើត និងខាងត្បូង បន្ទាប់ពីទីក្រុងមូស្គូទទួលបានទឹកដីជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំ។

អគ្គមេបញ្ជាការ លោក Oleksandr Syrsky
បាននិយាយថា លោកបានទៅទស្សនាកងវរសេនាតូចចំនួនពីរ «ខណៈដែលស្ថានការណ៍កាន់តែស្មុគស្មាញបន្តិចម្តងៗ ហើយមានការគំរាមកំហែងពីអង្គភាពសត្រូវដែលឈានចូលជ្រៅទៅក្នុងទម្រង់ប្រយុទ្ធរបស់យើង»។

លោក Syrsky បានសរសេរនៅលើបណ្តាញទំនាក់ទំនង Telegram ថា «ជាទូទៅ ស្ថានភាពប្រតិបត្តិការនៅសមរភូមិជួរមុខភាគខាងកើត នៅតែមានភាពលំបាក។ សត្រូវនៅតែបន្តប្រតិបត្តិការវាយលុកក្នុងតំបន់ជាច្រើននៃតំបន់ Donetsk»។

ប៉ុន្តែលោកបានបន្ថែមថា «ក្នុងពេលជាមួយគ្នានេះ ប្រហែលជាដោយសារតែការបាត់បង់របស់សត្រូវមានកម្រិតខ្ពស់ ទើបសកម្មភាពនៅក្នុងតំបន់សមរភូមិជួរមុខផ្សេងទៀត បានថយចុះយ៉ាងខ្លាំង»។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយបារាំងកាលពីថ្ងៃចន្ទថា ការឈានទៅមុខរបស់រុស្ស៊ីនៅភាគខាងកើតត្រូវបាន «បញ្ឈប់» ហើយស្ថានភាពនៅទីនោះគឺ «ល្អប្រសើរ» ជាងបីខែមុន៕