(ហ្គាហ្សា)៖ ប្រទេសម្ចាស់ជំនួយ និងទីភ្នាក់ងារផ្តល់ជំនួយ ក៏ដូចជាអង្គការសប្បុរសធម៌ជាច្រើន នៅថ្ងៃពុធនេះបានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីផ្តល់ស្បៀងអាហារ ដល់តំបន់ហ្គាហ្សាដែលហែកហួរដោយសង្រ្គាម តាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ បន្ទាប់ពីអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបានព្រមានថា ភាពអត់ឃ្លានបានក្លាយទៅជា «អាវុធនៃសង្គ្រាម»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងចាប់តាំងពីថ្ងៃទី ៧ ខែតុលា បានសម្លាប់ជនស៊ីវិលជាច្រើនពាន់នាក់ និងបានប្រែក្លាយតំបន់ដ៏ធំល្វឹងល្វើយ ទៅជាវាលខ្សាច់ពោរពេញដោយកម្ទេចថ្ម និងបង្កឱ្យមានការព្រមានអំពីគ្រោះទុរ្ភិក្ស ដែលជិតមកដល់នៅក្នុងទឹកដីប៉ាឡេស្ទីន ដែលមានប្រជាជន ២.៤ លាននាក់។

កប៉ាល់សប្បុរសធម៌របស់អេស្បាញដែលមានឈ្មោះថា Open Arms កំពុងធ្វើដំណើរពីប្រទេសស៊ីប (Cyprus) ទៅកាន់តំបន់ហ្គាហ្សា ដោយបានធ្វើដំណើរកាលពីព្រឹកថ្ងៃអង្គារ ដោយអូសសំពៅដឹកជំនួយប្រមាណ ២០០ តោន ក្នុងការធ្វើដំណើរលើកដំបូង ក្នុងគោលបំណងបើកច្រករបៀងសមុទ្រ។

ប្រទេសអារ៉ាប់ និងប្រទេសលោកខាងលិចជាច្រើន បានចាប់ទម្លាក់កញ្ចប់ស្បៀងអាហារ តាមឆ័ត្រយោងទៅកាន់តំបន់ហ្គាហ្សា ខណៈលំហូរនៃរថយន្តជំនួយពីប្រទេសអេហ្ស៊ីបទៅកាន់តំបន់ហ្គាហ្សា បានថយចុះនាពេលថ្មីៗនេះ ដែលជានិន្នាការមួយបានស្តីបន្ទោសលើអ៊ីស្រាអែល និងលើភាពចលាចលស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ដែលហ្វូងមនុស្សអស់សង្ឃឹមបានលួចឆក់ជំនួយ។

ប្រធានកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា វិបត្តិមនុស្សធម៌គឺ «បង្កើតឡើងដោយមនុស្ស»

លោកបានបន្ថែមថា «ប្រសិនបើយើងក្រឡេកមើលវិធីជំនួសដើម្បីផ្តល់ជំនួយ ក៏ព្រោះតែផ្លូវឆ្លងកាត់ គឹត្រូវបានបិទដោយទង្វើរបស់មនុស្ស» ដោយលោកបានព្រមានថា «ភាពអត់ឃ្លាន (នៅតំបន់ហ្គាហ្សា) ត្រូវបានប្រើប្រាស់ជាអាវុធនៃសង្រ្គាម»