(វ៉ាស៊ីនតោន)៖ នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសកាលពីចុងសប្ដាហ៍កន្លងទៅថាលោកកំពុងគូស «បន្ទាត់ក្រហម» សម្រាប់សកម្មភាពយោធារបស់អ៉ីស្រាអែល ក្នុងតំបន់ ហ្កាហ្សា លោកត្រូវបានគេមើលឃើញថាហាក់ដូចជាព្យាយាមដំឡើងការព្រមានពីផលវិបាក ចំពោះលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់ហ៊ូ ខណៈទំនាក់ទំនងរវាងអ្នកទាំង២ បានធ្លាក់ចុះទាបដល់ចំណុចថ្មីមួយ។

ប៉ុន្តែ លោក បៃដិន មិនបាននិយាយនោះទេថាតើលោកនឹងធ្វើបែបណា? បើលោក ណេតាន់យ៉ាហ៊ូ ដើររំលងបន្ទាត់ក្រហមរបស់លោក ដោយបើកការវាយលុកជើងគោកចូលទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ជាជំហានយោធាមួយត្រូវបានប្រធានាធិបតីអាមេរិករូបនេះចាត់ទុកថានឹងក្លាយជាកំហុសមួយដ៏ធំ។ វាមិនច្បាស់នោះទេថាតើលោក បៃដិន មានការស្ទាក់ស្ទើរឬក៏អត់ ពីព្រោះថាលោកមិនចង់បញ្ជូនសញ្ញាអ្វីមួយឱ្យគេដឹងថាតើអ្វីទៅជាចំណាត់ការឆ្លើយតបដែលលោកកំពុងត្រៀមទុក ឬក៏អាចមកពីលោកមិនចង់ត្រូវបានគេរិះគន់ នៅក្នុងករណីដែលមិនបានធ្វើដូចមាត់និយាយ ប្រសិនបើលោក ណេតាន់យ៉ាហ៊ូដើររំលងបន្ទាត់ក្រហមរបស់លោកមែននោះ។

ម្យ៉ាងទៀត ដោយសារតែមានបទពិសោធន៍ជោគជាំ នៅក្នុងព្រឹទ្ធសភា និងសេតវិមាន លោក បៃដិន ប្រហែលជាចងចាំមិនភ្លេចទេថាការគូស «បន្ទាត់ក្រហម» បានជះឥទ្ធិពលអាក្រក់ត្រឡប់ មកវិញលើអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ជុំវិញសង្រ្គាមនៅស៊ីរី និងអតីតប្រធានាធិបតី លោក ចច ដាប់ប៊ែល យូប៊ូស ពាក់ព័ន្ធនឹងសំណុំរឿងកូរ៉េខាងជើង និងអ៉ីរ៉ង់។ សម័្ពន្ធមិត្ត អាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា ធ្លាប់ភ្ញាក់ផ្អើលជាយ៉ាងខ្លាំងចំពោះការកែប្រែចិត្តរបស់លោក អូបាម៉ា នៅនាទីចុងក្រោយ។ ចំណែក លោក ប៊ូស បានសម្រេចចិត្តឈ្លានពានអ៉ីរ៉ាក់ដែលជាប្រទេសមួយ គ្មានអាវុធនុយក្លេអ៊ែរ ខណៈបានត្រឹមតែអង្គុយមើលកូរ៉េខាងជើងធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកដំបូងរបស់ខ្លួនទៅវិញ។

ដូចគ្នាដែរ ការគូសបន្ទាត់ក្រហមរបស់លោក បៃដិន ត្រូវបានច្រានចោលភ្លាមៗដោយលោក ណេតាន់យ៉ាហ៊ូ ដែលបានគូសបញ្ជាក់ដូច្នេះថា «អ្នកដឹងទេ? ខ្ញុំមានបន្ទាត់ក្រហមមួយ ហើយថាតើ អ្នកដឹងទេថាតើអ្វីទៅជាបន្ទាត់ក្រហមនោះ? នោះគឺព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា (២០២៣) នឹងមិនកើតឡើងម្ដងទៀតនោះទេ»។ លោក ណេតាន់យ៉ាហ៊ូ និយាយបែបនេះដោយចង់សំដៅលើ ការវាយប្រហាររបស់ក្រុមហាម៉ាស ក្នុងប្រទេសអ៉ីស្រាអែលដែលបានសម្លាប់មនុស្សជាង ១២០០នាក់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង។ មែនទែនទៅ មេដឹកនាំនៃប្រទេសមួយ មិនថាប្រជាធិបតេយ្យ ឬផ្ដាច់ការនោះទេ តែងតែព្រមានពីបន្ទាត់ក្រហម ជាការបញ្ជូនសារទៅកាន់ប្រទេសដទៃថាកុំសូម្បីឡើយតែគិតចង់ដើររំលង ព្រោះអ្នកអាចជួបផលវិបាកធ្ងន់ធ្ងរដែលអ្នក នឹកស្មានមិនដល់។ តែចម្លែកអ្វីនៅក្នុងករណីនេះ បន្ទាត់ក្រហមបែរជាកំពុងត្រូវបានគូសរវាងសម្ព័ន្ធមិត្ត២ ដែលជារឿយៗអះអាងពីភាពជិតស្និទ្ធនឹងគ្នា។

តាមរយៈការព្រមានរបស់លោក បៃដិន រឿងមួយដែលគេអាចយល់បាន នោះគឺថាប្រសិនបើអ៉ីស្រាអែលពិតជាវាយលុកតាមជើងគោកចូលទីក្រុង Rafah ឬក៏ធ្វើសកម្មភាពយោធាណាមួយ បណ្ដាលឱ្យជនស៊ីវិលសម្លាប់ និងរបួសក្នុងចំនួនដ៏ច្រើន នោះលោកអាចនឹងដាក់ចេញជាលើកដំបូងលើការរឹតត្បិត ឬអាចដាក់លក្ខខណ្ឌលើរបៀបដែលអ៉ីស្រាអែលប្រើប្រាស់អាវុធផ្គត់ផ្គង់ដោយ សហរដ្ឋអាមេរិក។ មកទល់នឹងពេលនេះ លោក បៃដិននៅតែបន្តបដិសេធការធ្វើបែបនេះចំពោះអ៉ីស្រាអែល ខណៈទីក្រុងវ៉ាស៊ីនតោនបានដាក់លក្ខខណ្ឌសឹងតែលើគ្រប់អាវុធទាំងអស់ដែល អាមេរិកផ្ដល់ឱ្យអ៊ុយក្រែន ក្នុងនោះរួមមានទាំងការឱ្យទីក្រុងកៀវសន្យាថានឹងមិនបាញ់មីស៊ីល កាំភ្លើងធំ ឬយន្ដហោះដ្រូនផ្ដល់ដោយអាមេរិកចូលក្នុងទឹកដីរុស្ស៉ីជាដាច់ខាត។ បើតាមមន្ត្រីអាមេរិក មួយចំនួន លោក បៃដិន ហាក់ដូចជាកំពុងពិចារណាឡើងវិញសន្សឹមៗចំពោះការដាក់កំហិតលើរបៀបដែលអ៉ីស្រាអែលអាចប្រើអាវុធ ដែលខ្លួនទទួលបានពីសហរដ្ឋអាមេរិក។ តែជាក់ស្ដែង លោកមិនទាន់ធ្វើការសម្រេចចិត្តណាមួយទេ និងហាក់ដូចជាកំពុងចារណាលើរឿងនេះតែម្នាក់ឯង។

នៅពេលក្រុមអ្នកសារព័ត៌មាន នាំគ្នាជជីកសួរពីអ្វីដែលលោក បៃដិន ចង់លើកឡើងឱ្យប្រាកដ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក​ Jake Sullivan កាលពីថ្ងៃអង្គារ ទី១២ ខែមីនាបានបដិសេធ ចោលនូវការយល់ឃើញថាលោក បៃដិន កំពុងគូសបន្ទាត់ក្រហម ហើយថាអ្នកដែលយល់ឃើញបែបនេះគឺដោយសារតែយល់ខុសពីការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិកតែប៉ុណ្ណោះ។ លោក Sullivan ដែលទើបតែបានជួបឯកអគ្គរដ្ឋអ៉ីស្រាអែលប្រចាំសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ដែរថាលោកនឹងពិភាក្សាពីសេចក្ដីរាយការណ៍ដែលថាលោក បៃដិន អាចនឹងរឹតត្បិតលើអាវុធ ប្រសិនបើអ៉ីស្រាអែលវាយលុកចូលទីក្រុង Rafah ទេ។ ប៉ុន្តែ លោក បៃដិនផ្ទាល់បានច្រានចោលតែការកាត់ផ្ដាច់ជំនួយអាវុធឱ្យអ៉ីស្រាអែល ការពារខ្លួនដូចជាប្រព័ន្ធមីស៊ីល Iron Dome ប៉ុណ្ណោះ ពោលមិនបាននិយាយពីអាវុធផ្សេងទៀតទេ។ «វាគឺជាបន្ទាត់ក្រហម ប៉ុន្តែខ្ញុំនឹងមិនទៅណាឆ្ងាយពីអ៉ីស្រាអែលនោះទេ»។ នេះជាអ្វីដែលលោក បៃដិន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍អាមេរិក MSNBC កាលពីសប្ដាហ៍មុន។ លោក បៃដិនបន្តទៀតថា «ការការពាររបស់អ៉ីស្រាអែលនៅតែមានសារៈសំខាន់ជានិច្ច។ ដូច្នេះវានឹងមិនមានបន្ទាត់ក្រហម ដែលខ្ញុំនឹងកាត់ផ្ដាច់ រាល់គ្រប់អាវុធទាំងអស់នោះទេ ដ្បិតធ្វើដូច្នេះថាពួកគេ (អ៉ីស្រាអែល) នឹងមិនមានមីស៊ីលសម្រាប់ Iron Dome ដើម្បីការពារខ្លួនឯងឡើយ»។ លោក បៃដិនមិនបានលម្អិតពីបន្ទាត់ក្រហមរបស់ លោកទេ ដោយគ្រាន់តែនិយាយថា «ប៉ុន្តែ វាមានបន្ទាត់ក្រហម ដែលបើគាត់ (លោក ណេតាន់យ៉ាហ៊ូ) ហ៊ានដើររំលង នោះ... ហើយអ្នកក៏មិនអាចធ្វើឱ្យជនជាតិប៉ាឡេស្ទីន ៣០ ០០០នាក់ បន្ថែមទៀតស្លាប់នោះដែរ»។

ដោយប្រើប្រាស់ពាក្យបន្ទាត់ក្រហម ដែលជាទូទៅត្រូវបានអ្នកខ្លះប្រដូចថាជា «ខ្សែអន្ទាត់គ្រាប់បែក ដែលបើហ៊ានប៉ះនោះវាអាចនឹងផ្ទុះបានគ្រប់ពេល» លោក បៃដិន ក៏កំពុងធ្វើឱ្យខ្លួនស្ថិតក្នុង ស្ថានភាពដ៏លំបាកដូចដែលប្រធានាធិបតីអាមេរិកមុនៗធ្លាប់ពើបប្រទះដែរ។ តួយ៉ាងកាលពីប៉ុន្មានទសវត្សរ៍មុន ប្រធានាធិបតីអាមេរិកជំនាន់មុនៗលោក បៃដិនធ្លាប់បានបានគូសបន្ទាត់ក្រហម ដែលកំណត់ថាសត្រូវរបស់អាមេរិក ឬសម្ព័ន្ធមិត្តរបស់ពួកគេមិនអាចដើររំលងវាទៅដោយទទេៗនោះទេ។ តែចុងក្រោយ បន្ទាត់ក្រហមបានធ្វើឱ្យប្រធានាធិបតីអាមេរិកទាំងនោះស្ដាយក្រោយ។ ជាឧទាហរណ៍ កាលពីខែសីហា ឆ្នាំ២០១២ នៅពេលដែលទីភ្នាក់ងារចារកម្មអាមេរិកសន្និដ្ឋានថាកងកម្លាំងរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក Bashar Assad អាចនឹងប្រើប្រាស់អាវុធគីមី ក្នុងសង្រ្គាមស៊ីរី លោក បារ៉ាក់ អូបាម៉ា ប្រកាសជាសាធារណៈប្រាប់អ្នកកាសែតថាប្រសិនបើលោក Assad ហ៊ានប្រើអាវុធគីមីមែន នោះវាគឺជាការដើររំលងបន្ទាត់ក្រហមដែលអាចនឹងផ្លាស់ប្ដូរ ការគិតរបស់លោក។ ក្រោយមកទៀត នៅនិទាឃរដូវឆ្នាំ២០១៣ មានសេចក្ដីរាយការណ៍ថាកងកម្លាំងស៊ីរីរបស់លោក Assad បានប្រើអាវុធគីមី ហើយនៅរដូវក្ដៅឆ្នាំដដែលនោះអាវុធគីមី ត្រូវបានគេបញ្ជាក់ថាពិតជាត្រូវបានប្រើប្រាស់នៅស៊ីវីពិតមែន។ ប៉ុន្តែ លោក អូបាម៉ាបែរជាលុបចោលផែនការវាយប្រហារលើកងកម្លាំងរបស់លោក Assad ពីព្រោះបារម្ភថាវាអាចនឹងជំរុញឱ្យ មានការប្រើអាវុធគីមីកាន់តែច្រើន និងបង្ខំឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងសង្រ្គាមធំមួយនៅមជ្ឈិមបូព៌ា។

លោក ប៊ូស វិញកាលពីឆ្នាំ២០០៣ ក៏ធ្លាប់ធ្លាក់ចូលក្នុងស្ថានភាពដូចលោក អូបាម៉ាដែរ នៅពេលដែលលោកបាននិយាយថាលោកនឹងមិនអត់ឱនឱ្យជាដាច់ខាតចំពោះកូរ៉េខាងជើងដែលមានអាវុធ នុយក្លេអ៊ែរ។ នៅរដូវក្ដៅឆ្នាំនោះ លោកបានប្រើពាក្យពេចន៍ស្រដៀងគ្នានេះសាជាថ្មីដោយនិយាយថាលោកនឹងមិនបណ្ដោយឱ្យអ៉ីរ៉ង់មានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរឡើយ។ អំឡុងអាណត្តិ ជាប្រធានាធិបតីរបស់លោក ប៊ូស កូរ៉េខាងជើងបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូង ហើយចាប់តាំងពីពេលនោះមក ព្យុងយ៉ាងបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរចំនួន៥ ថែមទៀត។ ចំណែក អ៉ីរ៉ង់វិញក៏កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរដែរ។ ខណៈសហរដ្ឋអាមេរិកកំពុងបង្កើនការដាក់ទណ្ឌកម្ម និងគំរាមធ្វើសកម្មភាពប្រឆាំងនឹងប្រទេសទាំង២ កូរ៉េខាងជើងកាន់តែមានភាពរីកចម្រើនទៅមុខក្នុងការអភិវឌ្ឍមីស៊ីល និងអាវុធនុយក្លេអ៊ែរ ហើយក្រុមមន្ត្រីអាមេរិកក៏ទទួលស្គាល់ដែរថាកូរ៉េខាងជើងនឹងមិនបកក្រោយនោះទេ។

កម្មវិធីអាវុធរបស់អ៉ីរ៉ង់ មានកម្រិតមធ្យមប៉ុណ្ណោះ នៅបន្ទាប់ពីលោក អូបាម៉ា ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយតេហេរ៉ង់កាលពីឆ្នាំ២០១៥។ តែ៣ឆ្នាំក្រោយមក លោក ដូណាល់ ត្រាំ បានដក សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ។ សព្វថ្ងៃ អ៉ីរ៉ង់ត្រូវបានគេរាយការណ៍ថាបានស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួចក្នុងកម្រិតគ្រប់គ្រាន់អាចផលិតបាន គ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ ដោយចំណាយពេលត្រឹមមួយឆ្នាំប៉ុណ្ណោះ បើអ៉ីរ៉ង់សម្រេចថាត្រូវផលិតគ្រាប់បែកនុយក្លេអ៊ែរ៕