(មូស្គូ)៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៉ី លោក​ វ៉្លាឌីមៀ ពូទីន បាននិយាយថា អាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្ស៉ី ទាំងប្រភេទបាញ់ចេញពីដីគោក ផ្ទៃសមុទ្រ និងអាកាស គឺខ្លាំងហើយទំនើបជាងឆ្ងាយ បើប្រៀបធៀបជាមួយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤។

ថ្លែងក្នុងបទសម្ភាសមួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី លោក ពូទីន បាននិយាយដូច្នេះថា «នុយក្លេអ៊ែរត្រាយអាដ (Nuclear Triad) របស់យើង គឺទំនើបជាង​នុយក្លេអ៊ែរត្រាយអាដដទៃទៀត។ មានតែពួកយើងនិងអាមេរិកប៉ុណ្ណោះ ដែលមាននុយក្លេអ៊ែរត្រាយអាដ ហើយយើង​មានភាពទំនើបជឿនលឿនជាងក្នុងផ្នែកនេះ»។

អំឡុងសង្រ្គាមជាង២ឆ្នាំមកនេះនៅអ៊ុយក្រែន វិមានក្រឹមឡាំងធ្លាប់បានលើកឡើង អំពីអំណាចអាវុធនុយក្លេអ៊ែររបស់ខ្លួនម្តងហើយម្តងទៀត ដោយកាលពីខែកុម្ភៈកន្លងទៅ ទីក្រុងមូស្គូទើបតែបានព្រមានក្រុមលោកខាងលិចថា វាមានហានិភ័យយ៉ាងពិតប្រាកដ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរ ប្រសិនបើពួកគេហ៊ានបង្កើនស្ថានភាពជម្លោះ ឱ្យកាន់តែតានតឹងខ្លាំងថែមទៀត។ ក្នុងបទសម្ភាសខាងលើ លោក ពូទីន បាននិយាយថា រុស្ស៉ីត្រៀមខ្លួន​ជានិច្ចសម្រាប់សង្រ្គាមនុយក្លេអ៊ែរ ប្រសិនបើអធិបតេយ្យជាតិរុស្ស៉ី ស្ថិតក្រោមការគំរាមកំហែង។

យ៉ាងណាក្តី លោក ពូទីន បានប្រាប់ថា រុស្ស៉ីមិនបានជួបប្រទះភាពចាំបាច់ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងសង្រ្គាមនៅអ៊ុយក្រែនឡើយ ហើយលោកបានបន្ថែមថា ទោះបីក្រុមប្រទេសលោកខាងលិច នាំគ្នាបញ្ជូនកងទ័ពជួយអ៊ុយក្រែនដោយផ្ទាល់ក៏ដោយ គឺនឹងពុំអាចផ្លាស់ប្តូរ​ស្ថានការណ៍លើសមរភូមិបាននោះទេ។

គួរបញ្ជាក់ថា រុស្ស៉ីគឺជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរ ច្រើនជាងគេបង្អស់នៅលើពិភពលោក។ យោងតាមអង្គការ Federation of American Scientists លោក ពូទីន សព្វថ្ងៃគ្រប់គ្រងក្បាលគ្រាប់នុយក្លេអ៊ែរសរុបប្រមាណ ៥,៥៨០គ្រាប់។ ក្នុងចំណោមនោះប្រហែល១,២០០គ្រាប់ ត្រូវបានដាក់ឱ្យចូលនិវត្តន៍ ប៉ុន្តែភាគច្រើននៅមាន លក្ខណៈល្អធម្មតា ហើយ៤,៣៨០គ្រាប់ ស្ថិតក្នុង​ឃ្លាំងសម្រាប់ធ្វើប្រតិបត្តិការ។ ក្នុងចំណោមគ្រាប់ដែលស្ថិតក្នុងឃ្លាំង ក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្រ្តចំនួន១,៧១០គ្រាប់ ត្រូវបានដាក់ពង្រាយ ដោយ៨៧៩គ្រាប់ ដាក់លើមីស៉ីលបាលិស្ទីគប្រភេទបាញ់ពីដីគោក, ៦៤០គ្រាប់ដាក់លើមីស៉ីលបាលិស្ទីគ ប្រភេទបាញ់​ពីនាវាមុជទឹក និងប្រហែល២០០គ្រាប់ ដាក់នៅមូលដ្ឋានរបស់កងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់៕