(ស៉ីដនី)៖ រដ្ឋមន្រ្តីទទួលបន្ទុកឧស្សាហកម្មការពារជាតិអូស្ត្រាលី បាននិយាយនៅថ្ងៃពុធនេះថា អូស្រ្តាលីមានទំនុកចិត្តថាសហរដ្ឋអាមេរិក នឹងបំពេញតាមការសន្យាលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង AUKUS បន្ទាប់ពីសហរដ្ឋអាមេរិកកាត់បន្ថយថវិកាស្នើសុំ ហើយបង្កក្តីបារម្ភថា ការលក់នាវាមុជទឹកនោះ អាចត្រូវពន្យាពេល ឬលុបចោល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ ២០២៤។

លោក Pat Conroy បានថ្លែងថា អូស្រ្តាលីមានទំនុកចិត្តពេញលេញលើកិច្ចព្រមព្រៀង AUKUS ហើយជឿថាសហរដ្ឋអាមេរិក កំពុងធ្វើឱ្យមានវឌ្ឍនភាពក្នុងការធ្វើឱ្យប្រសើរឡើង នូវកន្លែងផលិតកប៉ាល់របស់ខ្លួន ដូច្នេះពួកគេអាចផលិតនាវាមុជទឹកប្រភេទ Virginia class សម្រាប់កងទ័ពជើងទឹកនៃប្រទេសទាំងពីរបាន។

លោក Conroy បានប្រាប់ Reuters តាមទូរស័ព្ទថា «ខ្ញុំបានឃើញដំណឹងពាក់ព័ន្ធនឹងភាពជាប់គាំងលើកិច្ចព្រមព្រៀង AUKUS តែខ្ញុំគិតថាវាជាដំណឹងលើកទី ៤ហើយគិតតាំងពីឆ្នាំមុន។ យើងនៅតែមានជំនឿចិត្តថា យើងស្ថិតនៅលើចំណុចមួយនៃការលក់ Virginia class មកឱ្យអូស្រ្តាលីទៅតាមកាលកំណត់»

គួរបញ្ជាក់ថា ក្រោមភាពជាដៃគូ AUKUS ដែលចុះហត្ថលេខាកាលពីឆ្នាំ ២០២១ សហរដ្ឋអាមេរិក នឹងលក់នាវាមុជទឹក Virginia class ចន្លោះពី២ទៅ៣គ្រឿងមកឱ្យអូស្រ្តាលី នៅដើមទសវត្សរ៍ឆ្នាំ២០៣០ ដើម្បីបានប្រើប្រាស់សិន ខណៈអូស្រ្តាលីរួមជាមួយអង់គ្លេស ផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទថ្មីសន្លាង SSN-AUKUK class ដែលត្រូវរំពឹងថា នឹងសម្រេចបាននៅពេលខ្ទង់ ១ទសវត្សរ៍បន្ទាប់ពីនោះ។ ក្តីបារម្ភអំពីឆន្ទៈក្នុងការលក់នាវាមុជទឹកអាមេរិក បានលេចឡើងខ្លាំង ក្នុងសប្តាហ៍នេះក្រោយពេលដែលរដ្ឋបាល លោក បៃដិន កាត់បន្ថយសំណើរសុំកញ្ចប់ថវិការបស់ខ្លួន លើការផលិតនាវា Virginia class៕