(ញូវដែលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi និងសមភាគីអង់គ្លេសរបស់លោក គឺលោក Rishi Sunak បានសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយគូសបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាន នូវដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ខណៈដែលលទ្ធភាពនៃកិច្ចព្រមព្រៀងបែបនេះ ស្ថិតក្នុងភាពស្រពិចស្រពិល មុនការបោះឆ្នោតរបស់ប្រទេសទាំងពីរមកដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ ២០២៤។

ក្រោយជំនួបនោះ លោក Modi បានបង្ហោះសារតាមបណ្តាញសង្គម X យ៉ាងដូច្នេះថា «យើងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីថែមទៀត និងធ្វើការងារដើម្បីឈានទៅរកការសម្រេចបាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»

ដោយឡែក អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បានឱ្យដឹងថា «លោក Sunak បានរំលឹកឡើងវិញពីសារៈសំខាន់ នូវការសម្រេចបាន លទ្ធផលប្រកបដោយមហិច្ឆតាលើមុខទំនិញ និងសេវាកម្ម។ មេដឹកនាំទាំងពីរយល់ស្របលើការធ្វើការកាន់តែជិតស្និទ្ធ និងទន្ទឹងរង់ចាំភាពរីកចម្រើនបន្ថែមទៀត លើកិច្ចពិភាក្សាផ្នែកពាណិជ្ជកម្ម»

គួរបញ្ជាក់ថា សម្រាប់រយៈពេល២ឆ្នាំមកនេះ ចក្រភពអង់គ្លេស និងឥណ្ឌា បានផ្អាកនិងបន្តកិច្ចពិភាក្សាចុះឡើងៗ ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ ប្រទេសទាំងពីរគ្រោងនឹងរៀបចំការបោះឆ្នោតជាតិ ក្នុងឆ្នាំ២០២៤នេះដូចគ្នា៕