(មូស្គូ)៖ ក្នុងការអត្ថាធិប្បាយមួយ ដែលចេញផ្សាយនៅថ្ងៃពុធនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ប្រទេសរុស្ស៉ីបន្ត​​ស្ថិតក្នុងស្ថានភាពត្រៀមប្រយុទ្ធជានិច្ច ហើយត្រៀមលក្ខណៈពេញលេញទាំងស្រុង សម្រាប់សង្រ្គាមនុយក្លេអ៊ែរ ប៉ុន្តែលោកបានបញ្ជាក់វិញថា នាពេលនេះ អ្វីៗមិនកំពុងឆ្ពោះទៅរក ការផ្ទុះសង្រ្គាមបែបនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤។

ក្នុងបទសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក ពូទីន ដែលបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយ​ត្រូវគេរំពឹងថា នឹងជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីអាណត្តិថ្មី នាចុងសប្តាហ៍នេះ បាននិយាយថា រុស្ស៉ីនឹងត្រៀមខ្លួន​រួចរាល់ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើអធិបតេយ្យជាតិរបស់ខ្លួន បានរងការគំរាមកំហែង។ លោកប្រធានាធិបតីរុស្ស៉ី បានប្រាប់ថា សព្វថ្ងៃនេះ អ្វីៗមិនកំពុងសំដៅទៅរកការប្រឈមមុខគ្នា នៃសង្រ្គាមនុយក្លេអ៊ែរនោះទេ ក៏ប៉ុន្តែប្រទេសរបស់លោក ត្រៀមលក្ខណៈរួចជាស្រេច ប្រសិនបើវាផ្ទុះឡើង។

គួរបញ្ជាក់ថា ជាចុងក្រោយ លោក ពូទីន បានលើកឡើងថា រុស្ស៉ីមិនដែលប្រឈមនឹងភាពចាំបាច់ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅ​អ៊ុយក្រែននោះឡើយ ជាទីដែលសង្រ្គាមកំពុងបន្តអូសបន្លាយ រយៈពេលជាង២ឆ្នាំមកហើយ។ លោក ពូទីន បាននិយាយដូច្នេះថា «ហេតុអ្វី យើងចាំបាច់ត្រូវប្រើអាវុធប្រល័យលោក គឺវាមិនធ្លាប់ដែលមានភាពចាំបាច់បែបនោះទេ»៕