(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក Donald Tusk បានព្រមានប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Mike Johnson ថា ជោគវាសនារបស់មនុស្សរាប់លាននាក់ និងអាយុជីវិតរបស់មនុស្សរាប់ពាន់នាក់ កំពុងតែអាស្រ័យទៅលើថា តើគណបក្សសាធារណរដ្ឋ នឹងអនុម័តកញ្ចប់ជំនួយយោធាទំហំ ៦០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនដែរឬទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤។

លោក Tusk បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «នេះមិនមែនជាបញ្ហាទំនាស់ផ្នែកនយោបាយ ដែលសំខាន់តែនៅលើឆាកនយោបាយអាមេរិក ប៉ុណ្ណោះទេ។ ប្រសិនបើលោក Johnson បរាជ័យធ្វើការសម្រេចចិត្តវិជ្ជមានមួយនោះ វាមុខជានឹងបណ្តាលឱ្យ មនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ហើយវាជាការទទួលខុសត្រូវរបស់លោកផ្ទាល់ សម្រាប់រឿងនោះ។ លោក Johnson ត្រូវដឹងឱ្យច្បាស់ថា ជោគវាសនារបស់មនុស្សរាប់លាននាក់ គឺពឹងផ្អែកលើការសម្រេចចិត្តនីមួយៗរបស់លោក ហើយអាយុជីវិតមនុស្សរាប់ពាន់នាក់ នៅអ៊ុយក្រែន នាថ្ងៃនេះនិងថ្ងៃស្អែក គឺពឹងផ្អែកលើការសម្រេចចិត្តរបស់លោក»

គួរបញ្ជាក់ថា លោក Tusk បានលើកឡើង​ដូចខាងលើ បន្ទាប់ពីរូបលោក ហើយនិងប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅសេតវិមាន។ មេដឹកនាំប៉ូឡូញទាំង២ និងលោក បៃដិន បានរួមគ្នាទទូចឱ្យលោក Johnson រៀបចំបោះឆ្នោតលើកញ្ចប់ជំនួយយោធាខាងលើ ដែលបានឆ្លងផុតព្រឹទ្ធសភា ប៉ុន្តែជាប់គាំងនៅសភាតំណាងរាស្រ្ត ដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាបេក្ខជននាំមុខគេក្នុងបក្សសាធារណរដ្ឋ សម្រាប់ទៅប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ ប្រកាន់ជំហរប្រឆាំងការផ្តល់ជំនួយឱ្យអ៊ុយក្រែន៕