(តៃប៉ិ)៖ ប្រភពពីមន្រ្តីតៃវ៉ាន់និងអាមេរិក បានឱ្យដឹងកាលពីថ្ងៃអង្គារថា ក្នុងសប្តាហ៍នេះ មេដឹកនាំរងជាប់ឆ្នោតរបស់កោះតៃវ៉ាន់ និងជា​អតីតតំណាងរបស់តៃវ៉ាន់ ប្រចាំនៅទីក្រុងវ៉ាស៉ីនតោន គឺលោកស្រី Hsiao Bi-khim នាសប្តាហ៍នេះ កំពុងតែស្ថិតនៅសហរដ្ឋអាមេរិក ក្នុងការបំពេញទស្សនកិច្ចលក្ខណៈឯកជនមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤។

មន្រ្តីតៃវ៉ាន់ម្នាក់បានប្រាប់ថា លោកស្រី Hsiao បានធ្វើដំណើរទៅដល់អាមេរិក ក្នុងសប្តាហ៍នេះ ហើយនឹងចំណាយពេលប៉ុន្មានថ្ងៃនៅទីនោះ ក្នុងការបំពេញទស្សនកិច្ចលក្ខណៈឯកជនមួយ ដើម្បីចាត់ចែងរឿងផ្ទាល់ខ្លួន។ ចំណែកអ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិក ក៏បានទទួលស្គាល់ដំណើរទស្សនកិច្ចលក្ខណៈឯកជន របស់លោកស្រី Hsiao ផងដែរ ប៉ុន្តែមិនបានឆ្លើយតបនោះឡើយ នៅពេលត្រូវបាន​សាកសួរថា​ តើលោកស្រីនឹងឆ្លៀតជួបជាមួយមន្រ្តីរដ្ឋាភិបាលអាមេរិក ដែរឬយ៉ាងណា។ ពាក់ព័ន្ធដំណឹងទស្សនកិច្ចនេះ អ្នកនាំពាក្យរបស់​ស្ថានទូតចិនប្រចាំអាមេរិក បានចេញមុខនិយាយថា ប្រទេសចិនជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពធ្វើប្រាស្រ័យទាក់ទងផ្លូវការនានា ទោះក្នុងទម្រង់ណាក៏ដោយ រវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ហើយបានហៅលោកស្រី Hsiao Bi-khim ថាជាបុគ្គលជ្រុលនិយមម្នាក់ ដែលមាននិន្នាការគាំទ្រចលនាឯករាជ្យសម្រាប់​កោះតៃវ៉ាន់។

គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាននោះឡើយ នៃទឹកដីរបស់ខ្លួន។ លោកស្រី Hsiao ធ្លាប់បានកាន់តួនាទីជា​តំណាងរបស់តៃវ៉ាន់ប្រចាំនៅ សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០២០ រហូតដល់ចុងឆ្នាំមុន នៅពេលលោកស្រីចូលរួមជាមួយលោក Lai Ching-te ឈរឈ្មោះជាបេក្ខជនមេដឹកនាំ និងមេដឹកនាំរងថ្មីរបស់តៃវ៉ាន់ ក្នុងការបោះឆ្នោតដែលត្រូវបានរៀបចំឡើង កាលពីខែមករា ដើមឆ្នាំនេះ៕