(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា នាថ្ងៃពុធនេះ ករណីសង្ស័យផ្ទុះហ្គាសបានកើតមានឡើង នៅភោជនីយដ្ឋាន១កន្លែង ក្នុងតំបន់ភាគខាងជើងប្រទេសចិន ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោច២នាក់ស្លាប់ និង២៦នាក់ផ្សេងទៀតទទួលរងរបួស ព្រមទាំង​បង្កការខូចខាតយ៉ាងដំណំចំពោះអគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយ CCTV បាននិយាយថា ហេតុការណ៍ផ្ទុះ បានកើតឡើងនៅមុនម៉ោង៨ព្រឹក ក្នុងតំបន់លំនៅដ្ឋាននៃទីក្រុង Sanhe ក្នុងខេត្ត Hebei ដែលស្ថិតនៅចម្ងាយ មិនដល់៥០គីឡូម៉ែត្រឡើយ ពីកណ្តាលរដ្ឋធានីប៉េកាំង។ CCTV បានរាយការណ៍ នៅរសៀលថ្ងៃដដែលនេះថា ចាប់តាំងពីពេលកើតហេតុ មកទល់ឥឡូវមនុស្ស២នាក់ហើយ បានបាត់បង់ជីវិត និង២៦នាក់បានរងរបួស ខណៈអគ្គិភ័យត្រូវបានពន្លត់ដោយ​ជោគជ័យ។ ការផ្ទុះនោះត្រូវបានសង្ស័យថា បង្កឡើងដោយសារការលេចធ្លាយឧស្ម័ន នៅឯភោជនីយដ្ឋានលក់សាច់មាន់បំពងមួយកន្លែង។

គួរបញ្ជាក់ថា ករណីផ្ទុះឧស្ម័ននិងគ្រោះអគ្គិភ័យ តែងកើតមានឡើងជាញឹកញាប់ នៅក្នុងប្រទេសចិន។ តួយ៉ាង កាលពីខែកុម្ភៈកន្លងទៅនេះ មនុស្សយ៉ាងហោច១៥នាក់បានស្លាប់ និង៤៤នាក់បានរងរបួស ដោយសារគ្រោះអគ្គិភ័យនៅអគារស្នាក់នៅមួយកន្លែង ក្នុងទីក្រុង Nanjing។ ចំណែក កាលពីខែមករា ដើមឆ្នាំនេះវិញ មនុស្សជិត៤០នាក់បានស្លាប់ ក្រោយភ្លើងឆាបឆេះហាងលក់ទំនិញ នៅទីក្រុង Xinyu។ ក្នុងខែដដែលនោះ ករណីអគ្គីភ័យនៅសាលារៀនមួយ ក្នុងខេត្ត Henan បានផ្តាច់ជីវិតកូនសិស្សយ៉ាងហោច១៣នាក់៕