(វ៉ាស៉ីនតោន)៖ នាវាកងទ័ពសហរដ្ឋអាមេរិកចំនួន ៤គ្រឿង បានចាកចេញពីមូលដ្ឋានក្នុងរដ្ឋ Virginia ហើយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយនាំយកទាហានប្រហែល ១០០នាក់ និងសម្ភារចាំបាច់ដើម្បីទៅសាងសង់កំពង់ផែបណ្តោះអាសន្ន នៅឯតំបន់ហ្គាហ្សា សម្រាប់បម្រើឱ្យការចែកចាយជំនួយមនុស្សធម៌។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ ២០២៤។

នាវាមុជទឹកពណ៌ប្រផេះ ដែលគេស្គាល់ថាជានាវាជំនួយផ្នែកដឹកជញ្ជូន បានចាកចេញពីផែនៅឯមូលដ្ឋានរួម Langley-Eustis អមពីក្រោយដោយនាវា ៣គ្រឿងផ្សេងទៀត ដោយត្រូវធ្វើដំណើរប្រហែលជា ៣០ថ្ងៃ ទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត សម្រាប់បេសកកម្មសាងសង់កំពង់ផែបណ្តោះអាសន្ន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីជំរុញការចែកចាយជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា ខណៈអ៉ីស្រាអែលបានពន្យារពេលលើដំណើរការផ្តល់ជំនួយតាមផ្លូវគោក។

ឧត្តមសេនីយ៍ទោកងទ័ពអាមេរិក លោក Brad Hinson បានប្រាប់ក្រុមអ្នកកាសែតថា បណ្តាញតភ្ជាប់ថ្មី ដែលនឹងលេចចេញនៅលើឈូងសមុទ្រ សម្រាប់ការបញ្ជូនជំនួយពីកប៉ាល់ធំទៅតូច និងនាំចេញពីផែទៅកាន់ច្រាំងសមុទ្រនោះ ត្រូវបានគេរំពឹងថានឹងអាចដំណើរការបាននៅ ៦០ថ្ងៃក្រោយ។

គួរបញ្ជាក់ថា បើតាមក្រុមមន្រ្តីអាមេរិក កិច្ចខិតខំប្រឹងប្រែងនេះមិនពាក់ព័ន្ធនឹង «ទ័ពដាក់ពង្រាយនៅបរទេស» នៅក្នុងតំបន់ហ្គាហ្សានោះទេ ប៉ុន្តែទាហានអាមេរិកនឹងចូលកាន់តែជិតតំបន់ឆ្នេរដែលរងការគំរាមកំហែង នៅពេលពួកគេសាងសង់ផែភ្ជាប់ទៅកាន់ច្រាំងសមុទ្រ៕