(ប៊ុយដាប៉ែស)៖ លោក Klaus Iohannis ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា លោកសម្រេចចិត្តចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាមេដឹកនាំរបស់អង្គការណាតូ (NATO) ជាមុខតំណែងមួយដែលបច្ចុប្បន្ន បណ្តាប្រទេសជាសមាជិកគាំទ្រឱ្យទៅ លោក Mark Rutte នាយករដ្ឋមន្រ្តីហូឡង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ ២០២៤។

កាលពីខែកុម្ភៈ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានគាំទ្រ លោក Rutte ឱ្យទទួលតំណែងបន្តពី លោក Jens Stoltenberg ធ្វើជាអគ្គលេខាធិការរបស់អង្គការណាតូ។ យ៉ាងនេះក្តី លោក Iohannis និយាយថានឹងប្រកួតប្រជែងសម្រាប់តំណែងនេះ ដោយអះអាងថា ប្រទេសនៅអឺរ៉ុបខាងកើតត្រូវការអ្នកតំណាងមួយកាន់តែប្រសើរ ក្នុងតួនាទីដឹកនាំ Euro Atlantic។

ក្រុមមន្រ្តីការទូតនិយាយថា លោក Rutte គឺជាបេក្ខជនផ្លូវការតែម្នាក់គត់សម្រាប់តំណែងប្រកួតនៅពីក្រោយឆាក ទោះបីជាមានការលើកឡើងខ្លះថា វត្តមានរបស់លោក Iohannis កំពុងលេចឡើងក្នុងការជជែកគ្នាក្រៅផ្លូវការក្តី។

គួរបញ្ជាក់ថា មេដឹកនាំរបស់អង្គការណាតូ ត្រូវបានតែងតាំងដោយកុងសង់ស៉ីស មានន័យថាសមាជិកទាំងអស់ត្រូវតែយល់ព្រមចំពោះការសម្រេចចិត្តចុងក្រោយ។ បក្សសម្ព័ន្ធយោធាមួយនេះ ទើបនឹងបានឯកភាពគ្នាលើសមាជិកភាពថ្មីរបស់ស៊ុយអែត៕