(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអង្គារ ទី១២ ខែមីនាបាននិយាយថាអ៉ីស្រាអែលនឹងវាយលុកចូល ទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា តាមការគ្រោងទុក ទោះជាមានការកើនឡើងការដាក់សម្ពាធពីអន្តរជាតិក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

អន្តរជាតិ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក បានបង្កើនការអំពាវនាវកុំឱ្យអ៉ីស្រាអែលវាយលុកចូលទីក្រុង Rafah ជាទីជម្រកជ្រកកោនចុងក្រោយបំផុតរបស់ ប្រជាជនប៉ាឡេស្ទីនជាង ១.៥លាននាក់ ដ្បិតប្រតិបត្តិការយោធាណាមួយអាចនឹងក្លាយជាថ្លុកឈាម ហើយសូម្បីតែលោក ចូ បៃដិន ក៏ធ្លាប់បានព្រមានលោក ណេតាន់យ៉ាហ៊ូដែរថាការធ្វើបែបនេះនឹងក្លាយជាកំហុសមួយដ៏ធំ។

តែទោះជាយ៉ាងណាក៏ដោយ លោក ណេតាន់យ៉ាហ៊ូ នៅតែអះអាងថាអ៉ីស្រាអែលនឹងវាយលុកចូលទីក្រុង Rafah តាមផែនការដែលបានកំណត់។ ក្នុងសុន្ទរកថាជា វីដេអូមួយទៅកាន់សន្និសីទ AIPAC ដែលជាអង្គការគាំទ្រអ៉ីស្រាអែលដ៏មានឥទ្ធិពលមានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ ដូច្នេះថា «យើងនឹងបញ្ចប់ការងាររបស់យើងនៅក្នុងទីក្រុង Rafah ខណៈនឹងជួយសម្រួលឱ្យប្រជាជនស៊ីវិលគេចចេញពីគ្រោះថ្នាក់»

ការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះ កើតមានឡើង ស្របពេលមេដឹកនាំអឺរ៉ុបមានផែនការជំរុញឱ្យអ៉ីស្រាអែលកុំបើកការវាយលុកជើងគោកចូល ទីក្រុង Rafah ហើយផែនការនេះដែលត្រូវតម្រូវឱ្យមានការអនុម័តយល់ពីរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង២៧ ត្រូវបានរំពឹងថានឹងត្រូវបានអនុម័តនៅឯ កិច្ចប្រជុំកំពូលមួយនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមីនា។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បាននិយាយថាលោក ណេតាន់យ៉ាហ៊ូ កំពុងធ្វើឱ្យអ៉ីស្រាអែលខាតបង់ច្រើនជាង កំពុងជួយអ៉ីស្រាអែល។ លោកផ្ទាល់ថែមទាំងលើកឡើងទៀតផងថាការវាយលុកចូលទីក្រុង Rafah ដោយមិនមានផែនការជាក់លាក់ការពារអាយុជីវិតជនស៊ីវិល អាចនឹងក្លាយជា «បន្ទាត់ក្រហម» របស់សហរដ្ឋអាមេរិក៕