(ប៉ារីស)៖ យុទ្ធសាស្ត្រអ៊ុយក្រែន របស់លោកប្រធានាធិបតីបារាំង Emmanuel Macron គ្រោងនឹងដាក់ឱ្យបោះឆ្នោតជានិមិត្តរូប នៅក្នុងសភាជាន់ទាបរបស់បារាំងនៅថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

លោក Macron បានព្យាយាមសង្កត់ធ្ងន់លើសារៈសំខាន់​ នៃការគាំទ្របន្ថែមទៀតសម្រាប់អ៊ុយក្រែនដែលកំពុងអស់គ្រាប់រំសេវ ដោយទទូចថា សន្តិសុខរបស់អឺរ៉ុបគឺស្ថិតនៅក្នុងហានិភ័យ។

បន្ទាប់ពីការជជែកដេញដោល សភាជាន់ទាបរបស់បារាំង នឹងរៀបចំការបោះឆ្នោតដោយមិនជាប់កាតព្វកិច្ចមួយ លើយុទ្ធសាស្ត្រអ៊ុយក្រែនរបស់រដ្ឋាភិបាល ដែលរួមមានកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដែលចុះហត្ថលេខា ដោយលោក Macron និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីខែមុន។

កិច្ចព្រមព្រៀងសន្តិសុខរយៈពេល ១០ ឆ្នាំជាមួយអ៊ុយក្រែន រួមមានការសន្យារបស់ទីក្រុងប៉ារីស ក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវអាវុធបន្ថែមទៀត ការបណ្តុះបណ្តាលទាហាន និងផ្តល់ជំនួយយោធារហូតដល់ ៣ ពាន់លានអឺរ៉ូ (៣.២ ពាន់លានដុល្លារ) នៅឆ្នាំ ២០២៤។

ជាមួយនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ឈានចូលដល់ឆ្នាំទី៣ លោក Macron បានជំរុញឱ្យគណបក្សនយោបាយប្រកាន់ជំហរជាសាធារណៈលើជម្លោះនេះ តាមរយៈការបោះឆ្នោតសភាជានិមិត្តរូប។

មន្ត្រីអ៊ុយក្រែនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ពួកគេបារម្ភក្លាចក្រែងថា ប្រសិនបើការបោះឆ្នោតមិនទទួលបានការគាំទ្រច្រើនលើសលប់ចំពោះទីក្រុងគៀវទេ នោះវានឹងមានផលប៉ះពាល់អវិជ្ជមានជានិមិត្តរូប និងអាចធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី លោក Emmanuel Macron ក្នុងការបង្កើនការគាំទ្រដល់អ៊ុយក្រែន។

ដោយឡែក គណបក្សស្តាំនិយមជ្រុល (RN) បាននិយាយថា ខ្លួននឹងមិនចូលរួមបោះឆ្នោតគាំទ្រក្នុងការបោះឆ្នោតនៅថ្ងៃអង្គារនេះទេ ខណៈដែលគណបក្សឆ្វេងនិយមបារាំង Indomitable Party (LFI) ក៏ប្រឆាំងនឹងកិច្ចព្រមព្រៀងសន្តិសុខខាងលើផងដែរ។

ទោះជាយ៉ាងណា ដោយមានការគាំទ្រពីគណបក្សសាធារណរដ្ឋអភិរក្សនិយម (LR) លទ្ធផលនៃការបោះឆ្នោត នៅតែអាចផ្តល់ការគាំទ្រដល់យុទ្ធសាស្ត្ររបស់ លោក Macron៕