(មូស្គូ)៖ រុស្ស៉ីនឹងត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតី ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនានេះ ខណៈមានការរំពឹងខ្ពស់ថាការបោះឆ្នោតនេះនឹងផ្ដល់ឱកាសឱ្យលោក វ្ល៉ាឌីមៀ ពូទីន បន្តដឹកនាំ ប្រទេសមួយអាណត្តិមានរយៈពេល ៦ឆ្នាំតទៅទៀត និងក្លាយជាប្រមុខវិមានក្រឹមឡាំងម្នាក់ដែលកាន់អំណាចយូរជាងគេបំផុត ចាប់តាំងពីអតីតមេដឹកនាំសូវៀត Josef Stalin មក។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗគួរដឹងពីការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី៖

* តើនរណាខ្លះមានសិទ្ធិបោះឆ្នោត ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី?

ពលរដ្ឋរុស្ស៉ីគ្រប់រូបមានអាយុ១៨ឆ្នាំឡើង ដែលមិនមែនជាអ្នកទោសជាប់ពន្ធនាគារដោយសារការកាត់ទោសពីបទព្រហ្មទណ្ឌ គឺសុទ្ធតែមានសិទ្ធិបោះឆ្នោត។ តាមគណៈកម្មការរៀបចំ ការបោះឆ្នោតរុស្ស៉ី ប្រជាជនមានសិទ្ធិបោះឆ្នោតមានចំនួន ១១២.៣លាននាក់ រាប់បញ្ចូលទាំងអ្នករស់នៅក្នុងប្រទេសរុស្ស៉ី និងទឹកដីអ៊ុយក្រែន ដែលកំពុងគ្រប់គ្រងដោយកងទ័ពរុស្ស៉ី រួមទាំងពលរដ្ឋរុស្ស៉ី ១.៩លាននាក់រស់នៅឯក្រៅប្រទេស។ កាលពីការបោះឆ្នោតប្រធានាធិបតីរុស្ស៉ីឆ្នាំ២០១៨ អ្នកចូលរួមបោះឆ្នោតមានអត្រា ៦៧.៥ភាគរយ រីឯការបោះឆ្នោតសភា កាលពីឆ្នាំ២០២១ មានអត្រាអ្នកចូលរួម ៥១.៧ភាគរយ។

* តើការបោះឆ្នោតប្រព្រឹត្តទៅដូចម្ដេច?
ការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី នឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រ ទី១៥ រហូតដល់ថ្ងៃអាទិត្យ ទី១៧ ខែមីនា ហើយនេះគឺជាលើកដំបូងបំផុតដែលការបោះឆ្នោតនេះត្រូវចំណាយពេល ៣ថ្ងៃ ខណៈកន្លងមកមានរយៈពេល១ថ្ងៃប៉ុណ្ណោះ។ រុស្ស៉ីបានរៀបចំការបោះឆ្នោតមានរយៈពេលច្រើនថ្ងៃជាលើកដំបូង ក្នុងការបោះឆ្នោតប្រជាមតិកាលពីឆ្នាំ២០២០ស្ដីពីការធ្វើកំណែទម្រង់ រដ្ឋធម្មនុញ្ញមួយដែលបើកដៃឱ្យលោក ពូទីន អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបាន ២អាណត្តិបន្ថែមទៀត។ នេះក៏ជាលើកដំបូងដែរដែលការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី អាចរៀបចំ ឡើងតាមប្រព័ន្ធអនឡាញ ហើយជម្រើសបោះឆ្នោតបែបនេះនឹងត្រូវធ្វើឡើងក្នុងតំបន់ចំនួន ២៧ របស់រុស្ស៉ី និងតំបន់គ្រីមៀ ដែលរុស្ស៉ីបានក្រសោបយកពីអ៊ុយក្រែន ដាក់បញ្ចូលក្នុង ឧបសម្ព័ន្ធទឹកដីរបស់ខ្លួនកាលពីជាង១០ឆ្នាំមុន។

ម្យ៉ាងទៀត ការបោះឆ្នោតនេះក៏នឹងត្រូវប្រព្រឹត្តទៅផងដែរនៅក្នុងតំបន់ Donetsk, Luhansk, Zaporizhzhia និងតំបន់ Kherson ដែលតំបន់របស់អ៊ុយក្រែនទាំង៤នេះត្រូវបានរុស្ស៉ីបញ្ចូល ជាឧបសម្ព័ន្ធទឹកដីរបស់ខ្លួន នៅបន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំកាលពីឆ្នាំ២០២២ ទោះបីជាសព្វថ្ងៃកងទ័ពរុស្ស៉ីមិនទាន់អាចគ្រប់គ្រងតំបន់ទាំងនេះទាំងស្រុងក៏ដោយ។ ទីក្រុងកៀវ និងលោកខាងលិចបានថ្កោលទោសការរៀចំការបោះឆ្នោតក្នុងតំបន់ទាំង៤នេះ តែការបោះឆ្នោតមុនកំណត់បានចាប់ផ្ដើមក្នុងតំបន់មួយចំនួនរួចទៅហើយ។ បោះឆ្នោតប្រធានាធិបតីរុស្ស៉ី អាចនឹងត្រូវធ្វើឡើងនៅជុំទី២ជាបន្ត នៅ៣សប្ដាហ៍ក្រោយការបោះឆ្នោត ប្រសិនបើមិនមានបេក្ខជនណាម្នាក់ទទួលបានសំឡេងគាំទ្រលើស ៥០ភាគរយទេនោះ។ ការបោះឆ្នោតក្នុង សប្ដាហ៍នេះ គឺជាការបោះឆ្នោតជ្រើសរើសតែតំណែងប្រធានាធិបតីប៉ុណ្ណោះ រីឯការបោះឆ្នោតសភាគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៦។ ចំណែក បេក្ខជនជាប់ឆ្នោតនឹងត្រូវស្បថចូលកាន់ តំណែងជាប្រធានាធិបតី នៅខែឧសភា។

* តើនរណាខ្លះឈរឈ្មោះជាបេក្ខជនប្រធានាធិបតី?
លោក ពូទីន មានអាយុ ៧១ឆ្នាំ បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឯករាជ្យម្នាក់ និងកំពុងស្វែងរកការបន្តកាន់អំណាចនៅអាណត្តិទី៥របស់លោក ដែលអាចនឹងអនុញ្ញាតឱ្យលោកបន្ត កាន់អំណាច ៦ឆ្នាំបន្ថែមទៀត និងអាចនឹងបន្តឈរឈ្មោះដោយស្របច្បាប់មួយអាណត្តិទៀត អនុលោមតាមរដ្ឋធម្មនុញ្ញថ្មីដែលត្រូវបានធ្វើកំណែទម្រង់ក្នុងឆ្នាំ២០២០ ដោយបានរាប់អាណត្តិ ប្រធានាធិបតីរបស់លោកឡើងវិញពីសូន្យទៅវិញនៅឆ្នាំ២០២៤ ដែលនេះនឹងបើកផ្លូវឱ្យលោក ពូទីនអាចកាន់អំណាចរហូតដល់ឆ្នាំ២០៣៦ ប្រសិនបើលោកចង់។ លោក ពូទីន បានជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៉ីដំបូងក្នុងឆ្នាំ២០០០ ហើយសព្វថ្ងៃលោកជាប្រមុខវិមានក្រឹមឡាំងកាន់អំណាចយូរជាងគេបំផុត ចាប់តាំងពីអតីតមេដឹកនាំសូវៀត Josef Stalin មក។

គូប្រជែងរបស់លោក ពូទីន ក្នុងនោះរួមានលោក Nikolai Kharitonov មកពីគណបក្សកុម្មុយនិស្ដ (Communist Party) លោក Leonid Slutsky ជាអ្នកជាតិនិយមម្នាក់ មកពីគណបក្សប្រជាធិបតេយ្យសេរី (Liberal Democratic Party) និងលោក Vladislav Davankov មកពីគណបក្សប្រជាជនថ្មី (New People Party)។ លោក Kharitonov ធ្លាប់បានឈរឈ្មោះប្រជែងជាមួយលោក ពូទីន កាលពីឆ្នាំ២០០៤។ ប៉ុន្តែ បេក្ខជនប្រធានាធិបតីទាំងនេះបានបង្ហាញការគាំទ្រយ៉ាងទូលំទូលាយចំពោះគោលនយោបាយរបស់វិមានក្រឹមឡាំង ក្នុងនោះរួមមានទាំងសង្រ្គាមនៅអ៊ុយក្រែន។ ផ្អែកលើបទពិសោធន៍នៃការបោះឆ្នោតកន្លងមក បណ្ដាបេក្ខជនប្រភេទនេះទំនងជានឹងមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដើម្បីប្រជែង ជាមួយលោក ពូទីននោះទេ។ ជាឧទាហរណ៍៖ កាលពីឆ្នាំ២០១៨ លោក Kharitonov ទទួលបានសំឡេងគាំទ្រ១១.៨ភាគរយ ធៀបទៅនឹង លោក ពូទីន ទទួលបានសំឡេងគាំទ្រដល់ទៅ ៧៦.៧ភាគរយ។

គួរបញ្ជាក់ថា មានអាយុ៧១ឆ្នាំ លោក ពូទីន គឺជាអតីតទីភ្នាក់ងារស៊ើបការសម្ងាត់សូវៀត KGB ម្នាក់ និងត្រូវបានតែងតាំងប្រធានាធិបតីស្ដីទីដោយអតីតប្រធានាធិបតីរុស្ស៉ី លោក Boris Yeltsin នៅចុងឆ្នាំ១៩៩៩។ លោក ពូទីន បានទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០០០ ជាមួយសំឡេងគាំទ្រ ៥៣.៦ភាគរយ និងនៅឆ្នាំ២០០៤ ជាមួយសំឡេង គាំទ្រ ៧១.៣ភាគរយ។ រហូតដល់ឆ្នាំ២០០៨ លោក ពូទីនកាន់តំណែងជានាយករដ្ឋមន្ត្រី រីឯលោក Dmitry Medvedev កាន់តំណែងជាប្រធានាធិបតី មុននឹងរូបលោកទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១២ ដោយទទួលបានសំឡេងគាំទ្រ៦៣.៦ភាគរយ និងបន្តឈ្នះការបោះឆ្នោតប្រធានាធិបតីជាមួយសំឡេងគាំទ្រ ៧៦.៧ភាគរយ ក្នុងឆ្នាំ២០១៨៕


Vladislav Davankov


Nikolai Kharitonov


leonid slutsky