(ហ្គាហ្សា)៖ កប៉ាល់ដឹកជំនួយទម្ងន់ ២០០ តោនសម្រាប់តំបន់ហ្គាហ្សា បានចាកចេញពីប្រទេសស៊ីប (Cyprus) នៅថ្ងៃអង្គារនេះ នៅក្នុងគម្រោងសាកល្បងមួយ ដើម្បីបើកផ្លូវសមុទ្រសម្រាប់ ការផ្គត់ផ្គង់ជំនួយដល់ប្រជាជនប៉ាឡេស្ទីន ដែលភ្នាក់ងារសង្គ្រោះនិយាយថា ពួកគេកំពុងស្ថិតក្នុងជ្រោះនៃភាពអត់ឃ្លាន។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

កប៉ាល់សប្បុរសធម៌ឈ្មោះថា Open Arms ត្រូវបានគេឃើញបើក ចេញពីកំពង់ផែ Larnaca ក្នុងប្រទេសស៊ីប ដោយផ្ទុកទៅដោយម្សៅ អង្ករ និងប្រូតេអ៊ីន។ បេសកកម្មនេះភាគច្រើនត្រូវបានផ្តល់មូលនិធិដោយប្រទេសអារ៉ាប់រួម (UAE) និងរៀបចំដោយអង្គការសប្បុរសធម៌ World Central Kitchen (WCK) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ការធ្វើដំណើរទៅហ្គាហ្សាត្រូវចំណាយពេលប្រហែល ១៥ ម៉ោង ប៉ុន្តែដោយសារកប៉ាល់នេះដឹកធ្ងន់ ដូច្នេះអាចនឹងចំណាយពេលយូជាងនេះ ប្រហែលជារហូតដល់ពីរថ្ងៃ។ ប្រទេសស៊ីបស្ថិតនៅចម្ងាយជាង ២០០ ម៉ាយ (៣២០ គីឡូម៉ែត្រ) ភាគពាយព្យនៃតំបន់ហ្គាហ្សា។

យោធាអាមេរិកបាននិយាយថា កប៉ាល់របស់ខ្លួនឈ្មោះថា Frank S. Besson ក៏កំពុងធ្វើដំណើរទៅ ផ្តល់ជំនួយមនុស្សធម៌ដល់ហ្គាហ្សាតាមសមុទ្រផងដែរ។

បេសកកម្មនៅថ្ងៃអង្គារនេះ គឺជាលទ្ធផលដ៏ជោគជ័យមួយ នៃការរៀបចំជាច្រើនខែដោយប្រទេសស៊ីប ដែលជារដ្ឋសមាជិកសហភាពអឺរ៉ុប ស្ថិតនៅជិតនឹងជម្លោះនេះជាងគេ។ ប្រទេសនេះកំពុងតាមដានយ៉ាងប្រុងប្រយ័ត្ន នូវផលប៉ះពាល់នៃភាពចលាចលនៅមជ្ឈិមបូព៌ា ហើយកំពុងមើលឃើញការកើនឡើងលំហូរចំណាកស្រុក ពីប្រទេសលីបង់រួចស្រេចទៅហើយ។ មនុស្សជាង ៤០០ នាក់បានទៅដល់ប្រទេសស៊ីន តាមទូកនេសាទកាលពីថ្ងៃចន្ទ៕