(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា អ៊ុយក្រែនបានកំណត់គោលដៅវាយប្រហារនៅទូទាំងប្រទេស នាថ្ងៃអង្គារនេះ ដោយយ៉ាងហោចណាស់យន្តហោះដ្រូន ២៥គ្រឿង និងមីស៉ីល ៧គ្រាប់ និងជាការវាយប្រហារដ៏ធំមួយដែលមន្ត្រីក្នុងស្រុកម្នាក់អះអាងថា បានធ្វើឱ្យឆេះរោងចក្រចម្រាញ់ប្រេងមួយ ស្ថិតក្នុងក្រុមហ៊ុននាំចេញប្រេងធំជាងគេទី ២របស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ ២០២៤។

ក្រសួងការពារជាតិរុស្ស៉ី អះអាងថាបានបាញ់ទម្លាក់យន្តហោះដ្រូន ២៥គ្រឿងរបស់អ៊ុយក្រែន ពីលើតំបន់មួយចំនួនរួមដូចជា Leningrad, Belgorod, Kursk, Bryansk, Tula, Oryol បូករួមទាំងទីក្រុងមូស្គូផងដែរ។ មន្រ្តីក្នុងស្រុកម្នាក់បានរាយការណ៍ពីការវាយប្រហារ ទៅលើកន្លែងបណ្តាញថាមពលមួយចំនួន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ដោយដកស្រង់ប្រភពពីសេវាកម្មផ្លូវដែករុស្ស៉ី បានរាយការណ៍ថា រថភ្លើងពិសេសសម្រាប់ពន្លត់អគ្គិភ័យ កំពុងប្រយុទ្ធនឹងភ្លើងឆេះនៅលើទឹកដីនៃក្រុមហ៊ុនថាមពល Lukoil ក្នុងតំបន់ Kstovo។ រោងចក្រចម្រាញ់ប្រេង NORSI របស់ក្រុមហ៊ុន Lukoil គឺជាទីតាំងចម្រាញ់ប្រេងដ៏ធំមួយរបស់រុស្ស៉ី ដែលជាធម្មតាមានសមត្ថភាព ចម្រាញ់បានដល់ ៣៤០,០០០បារ៉ែលក្នុងមួយថ្ងៃ។ ភ្លាមៗនេះ មិនទាន់មានការបញ្ជាក់ពីអ៊ុយក្រែននោះទេ។

គួរបញ្ជាក់ថា ទាំងរុស្ស៉ី និងអ៊ុយក្រែន បានប្រើប្រាស់យន្តហោះដ្រូនដើម្បីវាយប្រហារលើហេដ្ឋរចនាសម្ព័ន្ធទៅវិញទៅមក ក្នុងសង្គ្រាមជាង ២ឆ្នាំរបស់ពួកគេ ដោយទីក្រុងកៀវបានវាយលុករោងចក្រចម្រាញ់ប្រេង និងថាមពលរបស់រុស្ស៉ី ក្នុងប៉ុន្មានខែចុងក្រោយនេះ៕