(មូស្គូ)៖ សមាជិកតំណាងរាស្ត្ររុស្ស៉ី បានដាក់ជូនសេចក្ដីព្រាងច្បាប់មួយទៅកាន់សភាជាន់ទាប ដែលមានគោលដៅចារប្រវត្តិសាស្ត្រឡើងវិញ តាមរយៈមោឃភាព ការសម្រេចចិត្តរបស់សហសូវៀត កាលពីឆ្នាំ១៩៥៤ ដើម្បីប្រគល់តំបន់គ្រីមៀពីរុស្ស៉ី ទៅឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤។

សេចក្ដីព្រាងច្បាប់ខាងលើ ត្រូវបានគេមើលឃើញថាជាការប៉ុនប៉ង ក្នុងការបង្កើតមូលដ្ឋានច្បាប់មួយ សម្រាប់ឱ្យរុស្ស៉ីអះអាងថាតំបន់គ្រីមៀ ដែលត្រូវបានទីក្រុងមូស្គូ បញ្ចូលជាឧបសម្ព័ន្ធទឹកដីរបស់ខ្លួនកាលពីឆ្នាំ២០១៤ មិនមែនជាកម្មសិទ្ធិរបស់អ៊ុយក្រែននោះទេ។ សេចក្ដីព្រាងច្បាប់នេះក៏បានលើកឡើងដែរថាការប្រគល់ តំបន់គ្រីមៀ ទៅឱ្យអ៊ុយក្រែនដោយសូវៀត មិនមានភាពត្រឹមត្រូវយុត្តិធម៌ និងខុសច្បាប់ ដោយសារតែធ្វើឡើងដោយគ្មានការបោះឆ្នោតប្រជាមតិ ហើយសូវៀត ក៏មិនមានសិទ្ធិផ្ទេរទឹកដីជាកម្មសិទ្ធិរបស់រដ្ឋមួយ (រុស្ស៉ី) នៅក្រោមអតីតសហភាពសូវៀត ទៅឱ្យរដ្ឋផ្សេងទៀត ដោយមិនមានការយល់ព្រមពីរដ្ឋសាមី នោះឡើយ។

គួរបញ្ជាក់ថា មិនទាន់មានការបញ្ជាក់ថាតើការជជែកដេញដោលលើការអនុម័តសេចក្ដីព្រាងច្បាប់នេះរបស់សមាជិកអ្នកតំណាងរាស្ត្ររុស្ស៉ី នឹងត្រូវធ្វើឡើង នៅពេលណានោះទេ។ កន្លងមក ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់បានថ្កោលទោសការសម្រេចចិត្តប្រគល់តំបន់គ្រីមៀ ទៅឱ្យអ៊ុយក្រែនពីសំណាក់ អតីតមេដឹកនាំសូវៀត លោក Nikita Khrushchev ផងដែរ ដោយចាត់ទុកថាជាការបំពានបទដ្ឋានច្បាប់ដែលមាននៅពេលនោះ៕