(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានហៅសង្រ្គាមអ៉ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ថាជាភាពអាម៉ាស់ធំមួយ សម្រាប់អរិយធម៌ពិភពលោក ហើយបានបញ្ជាក់ជាថ្មីនូវគោលជំហររបស់ទីក្រុងប៉េកាំង ដែលចង់ឱ្យមាន​បទឈប់បាញ់ជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤។

លោក Wang បាននិយាយដូច្នេះថា «វាគឺជាសោកនាដកម្មមួយសម្រាប់មនុស្សជាតិ និងជាភាពអាម៉ាស់មួយ សម្រាប់អរិយធម៌ពិភពលោក ដែលសព្វថ្ងៃគឺសតវត្សរ៍ទី២១ទៅហើយ គ្រោះមហន្តរាយមនុស្សធម៌ធំបែបនេះ មិនអាចបញ្ឈប់បាន។ មិនមានហេតុផលអ្វី សម្រាប់ឱ្យជម្លោះ​នៅតែបន្តឡើយ។ សហគមន៍អន្តរជាតិ ចាំបាច់ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដោយយកបទឈប់បាញ់ និងការផ្អាកអរិភាពទាំងអស់ ធ្វើជា​អាទិភាពចម្បងបង្អស់ ហើយធានាថា សកម្មភាពសង្រ្គោះមនុស្សធម៌ គឺជាការទទួលខុសត្រូវដ៏បន្ទាន់បំផុត»។ លោក Wang បានបន្ថែមថា ចិនគាំទ្រឱ្យប៉ាឡេស្ទីន ទទួលបានឋានៈជារដ្ឋសមាជិកពេញលេញ នៅក្នុងអង្គការសហប្រជាជាតិ។

ជាចុងក្រោយ លោករដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថា «បំណងប្រាថ្នាជាយូរមកហើយ របស់ជនជាតិប៉ាឡេស្ទីនក្នុងការបង្កើត​ប្រទេសឯករាជ្យមួយ គឺមិនអាចគេចវេះបានតទៀតទេ ហើយភាពអយុត្តធម៌ជាប្រវត្តិសាស្រ្ត ដែលជនជាតិប៉ាឡេស្ទីនបានរងគ្រោះ ក៏មិនអាច​បន្តរាប់ជំនាន់ទៅមុខទៀត ដោយគ្មានការកែតម្រូវឡើងវិញ ផងដែរ»

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជនជាតិប៉ាឡេស្ទីនសរុប៣០,៧១៧នាក់ហើយ បានស្លាប់ នៅតំបន់ Gaza ក្នុងការវាយប្រហារតាមជើងគោក និងតាមផ្លូវអាកាសរបស់កងទ័ពអ៉ីស្រាអែល៕

រូបភាពពី AFP