(តៃប៉ិ)៖ របាយការណ៍ថ្មីមួយរបស់ក្រសួងការពារជាតិតៃវ៉ាន់ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនានេះបាននិយាយថាចិនបាន និងកំពុងបង្កើនយុទ្ធសាស្ត្រ សង្រ្គាមតំបន់ពណ៌ប្រផេះប្រឆាំងនឹងតៃវ៉ាន់ ក្នុងគោលបំណងបំបាក់ស្មារតីជាមួយការបង្កើនការធ្វើសកម្មភាពបាឡុង យន្ដហោះដ្រូ និងទូកស៊ីវិល នៅក្បែរដែន កោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងរបាយការណ៍ដាក់ជូនសភាតៃវ៉ាន់ ក្រសួងការពារជាតិតៃវ៉ាន់បានកត់សម្គាល់ថាទីក្រុងប៉េកាំងបានបង្កើនយុទ្ធសាស្ត្រសង្រ្គាមតំបន់ពណ៌ប្រផេះប្រឆាំងតៃវ៉ាន់ ក្នុងនោះរួមមានទាំងការបង្កើនការល្បាតរបស់នាវា និងយន្ដហោះចម្បាំងផងដែរ។ របាយការណ៍នេះដដែលបានគូសបញ្ជាក់ដូច្នេះថា «ចិនបានព្យាយាមបង្កើន ការដាក់សម្ពាធលើកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់យើង ហើយចង់លុបបំបាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាព្រំដែនខណ្ឌចែក ក្រៅផ្លូវការមួយរវាងចិន និងតៃវ៉ាន់»។ ប៉ុន្តែភ្លាមៗ ខាងការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេទៅនឹងរបាយការណ៍ របស់ក្រសួងការពារជាតិតៃវ៉ាន់។

បើតាមរបាយការណ៍ខាងលើ ដើម្បីទប់ទល់ជាមួយចិន ក្រសួងការពារជាតិតៃវ៉ាន់ឱ្យដឹងថាកំពុងប្រឹងប្រែងពង្រឹងសមត្ថភាពកងទ័ព តាមរយៈការជំរុញភាពធន់នៃ ហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួន និងការបង្កើនការធ្វើសមយុទ្ធយោធាដើម្បីអាចធានាឱ្យបានថាកងទ័ពតៃវ៉ាន់មានសមត្ថភាពក្នុងការធ្វើសង្រ្គាមណាមួយដែល មានរយៈពេលយូរ។ ក្រសួងការពារជាតិតៃវ៉ាន់ក៏បានបញ្ជាក់ផងដែរថាខ្លួនកំពុងសិក្សា និងទាញយកបទពិសោធន៍សំខាន់ពីសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ព្រមទាំងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ តាមក្រុមអ្នកជំនាញ grey-zone warfare ឬយុទ្ធសាស្ត្រសង្រ្គាមតំបន់ពណ៌ប្រផេះ គឺជាការបង្កើតតំបន់មួយនៅចន្លោះការប្រកួតប្រជែងអន្តរជាតិធម្មតា និងសង្គ្រាម។

គួរបញ្ជាក់ថា ចិន ក្នុងសប្ដាហ៍នេះបានប្រកាសបង្កើនកញ្ចប់ថវិកាយោធា ៧.២ភាគរយក្នុងឆ្នាំ២០២៤នេះ។ តែថ្លែងប្រាប់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បានលើកឡើងថាតៃវ៉ាន់នឹងមិនចូលរួមក្នុងការរត់ប្រណាំងសព្វាវុធជាមួយចិននោះទេ ពីព្រោះថាការពិតមួយដែលមិនអាចប្រកែកបាន នោះគឺយោធារបស់ចិនមានសមត្ថភាពខ្ពស់ជាងយោធាតៃវ៉ាន់។ តែទោះជាបែបនេះក្ដី រឿងដែលតៃវ៉ាន់អាចធ្វើបានគឺពង្រឹងការបណ្ដុះបណ្ដាលកងទ័ពគ្រប់ជំនាញ ទាំងអស់៕

រូបភាពពី Reuters