(ប៉េកាំង)៖ ចិន​ជំរុញ​ឱ្យសរដ្ឋអាមេរិក ​ឈប់​ប្រើ​ប្រាស់ហ្វីលីពីន​ជា «​កូនអុក» ​សម្រាប់បង្ក​អស្ថិរភាព​សមុទ្រ​ចិន​ខាងត្បូងទៀត ហើយប្រទេសហ្វីលីពីនក៏ចាំបាច់ត្រូវជៀសវាង ពីឧបាយកលរបស់សហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យការបរទេសចិន លោកស្រី Mao Ning បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដែលបានឆ្លើយតបទៅនឹងការសាកសួរ អំពីការលើកឡើងមិនសមរម្យរបស់ភាគីអាមេរិក ទាក់ទងនឹងការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ រវាងទូកចិន និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។

លោកស្រី Mao បានចង្អុលបង្ហាញថា តំបន់ថ្មប៉ប្រះទឹកលិចទឹក Renai Jiao គឺជាផ្នែកមួយនៃកោះ Nansha របស់ប្រទេសចិន។ ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើកោះនេះ និងដែនទឹកក្បែរនោះ រួមទាំងតំបន់ថ្មប៉ប្រះទឹកលិចទឹក Renai Jiao ផងដែរ។ វាបានចាទុក​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​យូរ​អង្វែង ដែល​ស្រប​នឹង​ច្បាប់​អន្តរជាតិ រួម​ទាំង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។

លោកស្រីបានចោទជាសំណួរទៀតថា «តើនរណាជាអ្នកបង្កបញ្ហានៅពីក្រោយឧប្បត្តិហេតុនេះ? តើអ្នកណាកំពុងបំពានច្បាប់អន្តរជាតិ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង? ការពិតត្រូវបានបង្ហាញយ៉ាងច្បាស់»

អ្នកនាំពាក្យចិនរូបនេះបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកប្រើប្រាស់ «សន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងហ្វីលីពីន» ដើម្បីគំរាមកំហែងប្រទេសចិនតាមអំពើចិត្ត និងគាំទ្រដល់ការបំពាន និងការបង្កហេតុរបស់ហ្វីលីពីន ហើយចិនប្រឆាំងដាច់ខាតចំពោះរឿងនេះ។

ទន្ទឹមនឹងនេះ លោកស្រី Mao ជំរុញ​ឲ្យ​អាមេរិក​ឈប់​ប្រើប្រាស់​ហ្វីលីពីន​ជា​កូនអុក ដើម្បី​បង្ក​អស្ថិរភាព​សមុទ្រ​ចិន​ខាងត្បូងទៀត។ លោកស្រីបានបន្ថែមថា «ហ្វីលីពីនក៏ត្រូវជៀសវាងពីឧបាយកលរបស់សហរដ្ឋអាមេរិកផងដែរ។ មេរៀនពីប្រវត្តិសាស្ត្រប្រាប់យើងថា កូនអុកនឹងត្រូវបានបោះបង់ចោលនៅទីបំផុត»៕