(អីស្លាម៉ាបាដ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន (NDMA) បានរាយការណ៍ឱ្យដឹងកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ ៣៦ នាក់បានស្លាប់ និង ៤១ នាក់ផ្សេងទៀតបានរងរបួស ក្នុងគ្រោះមហន្តរាយភ្លៀង និងព្រិលធ្លាក់ខ្លាំងដែលមិននឹកស្មានដល់ ដែលបានវាយប្រហារតំបន់ដាច់ស្រយាល របស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ដល់ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី ៣ ខែមីនា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ក្នុងចំណោមអ្នកស្លាប់មានកុមារចំនួន ២១នាក់ ខណៈដែលខេត្ត Khyber Pakhtunkhwa ស្ថិតភាគពាយ័ព្យប្រទេស គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមនុស្ស ២៧ នាក់បានស្លាប់។

លើសពីនេះទៀត ផ្ទះសរុបចំនួន ៤៦៩ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ឬដោយផ្នែក ហើយសត្វពាហនៈប្រមាណ ៦១ ក្បាលបានស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងផងដែរ៕